ភ្នំពេញ៖ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា រស់នៅតាមមូលដ្ឋាននៅតាមបណ្ដាស្រុក ខេត្ត បានចាប់ផ្ដើមរៀបចំនូវការជួបជុំសមាជិករបស់ខ្លួន ដើម្បីរៀបចំការសាទរថ្ងៃជ័យជំនះ ៧មមរា ឆ្នាំ១៩៧៩។
សមាជិកគណបក្សប្រជាជនកម្ពុជា នៅតាមបណ្ដាឃុំ-សង្កាត់ នៅតាមបណ្ដាខេត្ត បានចាប់ផ្ដើមរៀបចំនូវពិធីអបអរសាទរ ខួបទី ៤៤ឆ្នាំ នៃទិវាជ័យជំនះ ៧មករា ដែលបានរំដោះជីវិតប្រជាពលរដ្ឋកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត។
ជាក់ស្ដែង ឯកឧត្តម តូច ចាន់នី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំ កណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រួមទាំងក្រុមការងារ និងសមាជិកគណបក្សរស់នៅក្នុងមូលដ្ឋានដោយផ្ទាល់បានជួបជុំគ្នារៀបចំការអបអរសាទរ ទិវាជ័យជំនះ ៧មករា។
ក្នុងឱកាសអបអរសាទរទិវាជ័យជំនះ ៧មករា នេះ ឯកឧត្តម តូច ចាន់នី បានលើកឡើងនូវគុណតម្លៃ ៧មករា ដែលពុំអាចកាត់ថ្លៃបាន ជូនសមាជិករបស់ខ្លួន។
ឯកឧត្តម បញ្ជាក់ថា ជ័យជំនះ ៧មករា ពិតណាស់គឺជាថ្ងៃកំណើតទី២ សម្រាប់ខ្លួនគាត់ ក៏ដូចជាជនរងគ្រោះជាច្រើនលាននាក់ផ្សេងទៀត អោយរួចផុតជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្រៅពីទទួលបានជីវិតថ្មី គឺគុណតម្លៃ ៧មករា បាននាំមកវិញនូវការរស់នៅក្នុងសង្គមសន្តិភាព ទទួលបានសិទ្ធិគ្រប់យ៉ាង និងមើលឃើញពីការរីកចំរើនរបស់ជាតិឥតឈប់ឈរ។
សម្រាប់សមាជិកគណបក្សប្រជាជនកម្ពុជាដែលមានវត្តមាន នៅថ្ងៃនេះ ទោះមួយចំនួនពុំបានឆ្លងកាត់ការរស់នៅក្នុងសម័យខ្មែរក្រហមក្ដី ក៏ពួកគេដឹងច្បាស់ពីគុណតម្លៃ ៧មករា តាមរយៈការសិក្សា និងការប្រាប់ដោយផ្ទាល់ពីឪពុកម្ដាយ អាណាព្យាបាលរបស់ខ្លួន។ ពួកគេជាយុវជនលើកឡើងថា ជ័យជំនះ៧មករា បានផ្ដល់អ្វីៗគ្រប់យ៉ាងសម្រាប់ពួកគាត់ជាយុវជន។
របបប្រល័យពូជសាសន៍ខ្មែរក្រហម ជារបបមួយដែលមានរយៈពេល ៣ឆ្នាំ ៨ខែ និង ៨០ថ្ងៃ។ ត្រឹមរយៈពេលជិត ៤ឆ្នាំនៃការគ្រប់គ្រងនេះ គឺប្រជាពលរដ្ឋគ្រប់រូបត្រូវរស់នៅរងទុក្ខ ពីភាពអត់ឃ្លាន ការធ្វើការហួសកម្លាំង ការបំបិតសេរីភាព ភាពភ័យខ្លាចសព្វបែបយ៉ាង និងរងការសម្លាប់ដោយព្រៃផ្សៃ។
តាមសាលាក្ដីខ្មែរក្រហម បានបញ្ជាក់ថា ចំនួនប្រជាពលរដ្ឋប្រមាណជិត ៣លាននាក់ បានស្លាប់បាត់បងជីវិត ក្នុងរយៈពេលនៃការគ្រប់គ្រង របស់ក្រុមកម្ពុជាប្រជាធិប្បតេយ្យ ប៉ុល ពត។
កម្ពុជាបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ថ្ងៃ ៧មករា ឆ្នាំ ១៩៧៩ ពិតយ៉ាងណាក្ដី តែសង្រ្គាមស៊ីវិលនៅតែអូសបន្លាយជាច្រើនឆ្នាំបន្តទៀត រហូតឆ្នាំ ១៩៩៨។
ការបញ្ចប់សង្គ្រាមរវាងខ្មែរ និងខ្មែរ ការទទួលបានសន្តិភាពពេញលេញ គឺនៅចុងឆ្នាំ ១៩៩៨ ក្រោមការអនុវត្តនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ គឹមហុក