ឧត្ដរមានជ័យ៖ ពលរដ្ឋ ដែលកំពុងរស់នៅក្នុងអតីតតំបន់សង្គ្រាម បានសម្តែងនូវការដឹងគុណចំពោះថ្ងៃ៧មករា ដែលបាននាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងការអភិវឌ្ឍរីកចម្រើន មកដល់សព្វថ្ងៃនេះ ។
ប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យ ដែលជាខេត្តជាប់ព្រំដែនថៃ និងជាខេត្តអតីតសមរភូមិមួយ បាននិយាយថា ពួកគេ មិនដែលបំភ្លេចទេ ថ្ងៃ៧ មករា ១៩៧៩ ដែលបានជួយរំដោះប្រទេសជាតិ និង ប្រជាពលរដ្ឋកម្ពុជា ឱ្យរួចផុតពីភាពវេទនា និងការកាប់សម្លាប់ និងបាននាំប្រទេសជាតិមកដល់បច្ចុប្បន្នភាពនេះ ។
ប្រជាពលរដ្ឋ បានឱ្យដឹងថា បច្ចុប្បន្ន ខេត្តជាយដែនមួយនេះ ទទួលបានការអភិវឌ្ឍរីកចម្រើនលើ គ្រប់វិស័យ ដូចបណ្ដាខេត្តនានានៅក្នុងប្រទេសកម្ពុជាដែរ ជីវភាពប្រជាពលរដ្ឋ មានការវិវត្តធូរធារខុសឆ្ងាយពីមុន ហេដ្ឋារចនាសម្ព័ន្ធគមនាគមតភ្ជាប់ ដែលអាចធ្វើដំណើរទៅមកបានស្រួល មានសំណង់អគារធំៗ សាលារៀន មន្ទីរពេទ្យ ភ្លើងអគ្គិសនីព្រោងព្រាត ពីទីរួមខេត្តដល់តំបន់ជនបទ ។ ភាពរីកចម្រើន សម្បូរ សប្បាយទាំងនេះ បានកើតឡើងពីកត្តាសុខសន្តិភាព ៕អត្ថបទ៖ ឃិន សារិទ្ធ