វាយកូនបាល់៖ កីឡាករវាយកូនបាល់ស៊ែប Novak Djokovic បានបន្តដំណើរឡើងវគ្គ ៨នាក់ចុងក្រោយហើយនៃការប្រកួតកម្មវិធី Adelaide International នៅប្រទេសអូស្ត្រាលីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
អតីតកីឡាករលំដាប់លេខ ១ ពិភពលោករូបនេះបានយកឈ្នះកីឡាករបារាំង Quentin Halys ដោយលទ្ធផលតានតឹងផងដែរ ៧-៦(៧-៣) និង ៧-៦(៧-៥)។ ជុំបន្ត Djokovic នឹងជួបជាមួយកីឡាករកាណាដា Denis Shapovalov ក្នុងការប្រកួតកម្មវិធីដែលជាការត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍ Grand Slam, Australian Open។ ងាកមកការប្រកួតផ្នែកនារីនៅកម្មវិធី ASB Classic លើទឹកដីអូស្ត្រាលីផងដែរនោះ កីឡាការិនីអង់គ្លេស Emma Raducanu បានបង្ខំចិត្តដើរចេញពីការប្រកួតដោយសាររបួស។
កីឡាករវ័យ ២០ឆ្នាំអតីតជើងឯក Wimbledon រូបនេះបានយកឈ្នះសិតដំបូង ៦-០ លើកីឡាការិនីស្លូវ៉ាគី Viktoria Kuzmova តែចាញ់សិតទីពីរ ៧-៥ វិញ។ មុនចាប់ផ្តើមសិតទី៣ Raducanu បានទទួលការពិនិត្យពីក្រុមពេទ្យដែរ មុនប្រកាសដកខ្លួនដោយសាររបួសកជើង។ Emma Raducanu បានដើរចេញពីទីលានទាំងទឹកភ្នែក ខណៈព្រឹត្តិការណ៍ Grand Slam, Australian Open នឹងចូលមកដល់នៅរយៈពេល ១០ថ្ងៃខាងមុខ៕
អត្ថបទ៖នាង សុភាវុធ