ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា នឹងបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អូស្ត្រាលី ដើម្បីជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។
ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៥ ខែមករា សភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ដោយមានការស្នើសុំពីធុរជនអូស្រ្តាលី និងទទួលបានលិខិតរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីការពិនិត្យលទ្ធភាពបង្កើត ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អូស្ត្រាលី, សភាពាណិជ្ជកម្មកម្ពុជា បានឯកភាពគាំទ្រជាគោលការណ៍ទៅលើការបង្កើត ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អូស្ត្រាលី ក្នុងគោលបំណងជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ។
ក្រុមប្រឹក្សានេះ នឹងជួបប្រជុំគ្នាជាទៀងទាត់ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ និងអនុវត្តន៍សកម្មភាពជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី រួមមានដូចជា រៀបចំសិក្ខាសាលាធុរកិច្ច បេសកកម្មពាណិជ្ជកម្ម ទស្សនកិច្ចធុរកិច្ច និងសកម្មភាពផ្សេងៗទៀត។
ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អូស្ត្រាលី បំពេញភារកិច្ច ដើម្បីផ្តល់យោបល់អំពីការទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស និងពាណិជ្ជកម្ម ដើម្បីពង្រឹងនិងអភិវឌ្ឍន៍ការតភ្ជាប់ឧស្សាហកម្មនិងធុរកិច្ចរវាងកម្ពុជា និងអូស្ត្រាលី ។
ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចនេះ ក៏នឹងបង្កលក្ខណៈងាយស្រួល និងតភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនអូស្ត្រាលី និងក្រុមហ៊ុនអន្តរជាតិ ដើម្បីជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍មកកាន់កម្ពុជា។
ការដោះពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងអូស្រ្តាលី សម្រេចបានទឹកប្រាក់ ជិត៥០០លានដុល្លារ ក្នុងរយៈពេល១១ខែឆ្នាំ២០២២ មានកំណើន៧០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កម្ពុជា មានចេញទៅអូស្រ្តាលី មានទឹកប្រាក់ ៣៤៦លានដុល្លារ កើនឡើង ៩៧ភាគរយ៕ អត្ថបទ វណ្ណៈ



