ត្បូងឃ្មុំ៖ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលជាមួយ បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន នៅក្នុងខេត្តត្បូងឃ្មុំ ។
ក្នុងពិធីសំណេះសំណាល កាលពីម្សិលមិញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាននាំមកនូវ ការផ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់បុគ្គលិកអប់រំ នាយកនាយករង និងលោកគ្រូ អ្នកគ្រូទាំងអស់ នៅក្នុងខេត្តត្បូងឃ្មុំ។
ឯកឧត្ដម បានរំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានដាក់ទិសដៅក្នុងការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាព ជាកិច្ចការដ៏សំខាន់បំផុត និងមានសក្តានុពលសម្រាប់សង្គមជាតិ និងប្រជាជន ដូច្នេះហើយ ទើបក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានខិតខំកសាងហេដ្ឋា រចនាសម្ព័ន្ធក្នុងវិស័យអប់រំ ដូចជាការកសាងសាលារៀនគ្រប់កម្រិត និងយកចិត្តទុកដាក់ទៅលើជីវភាពគ្រូ បង្រៀន ពីព្រោះពួកគេមានគុណបំណាច់ដ៏ធំធេង ក្នុងការបណ្ដុះធនធានមនុស្ស។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា ដោយសារមានថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ទើបមានអ្វីៗគ្រប់ យ៉ាងដូចសព្វថ្ងៃនេះ ក្នុងនោះមានការអភិវឌ្ឍន៍លើគ្រប់វិស័យ រួមទាំងវិស័យអប់រំផងដែរ ស្របពេលដែល កម្ពុជាកំពុងស្ថិតនៅក្រោមម្លប់សុខសន្តិភាព ដែលសម្ដេចតេជោ បានរកមកដោយលំបាក ដូច្នេះត្រូវរួមគ្នា ថែរក្សាឱ្យបានគង់វង្ស និងចូលរួមបោះឆ្នោតគាំទ្រដល់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន និងភាពសុខដុមរមនាទៅមុខទៀត បន្តដល់កូនចៅជំនាន់ក្រោយ ៕អត្ថបទ៖ ជឹង សេងឡុង