ភ្នំពេញ៖ ឯកឧត្ដម ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា ទោះបីក្នុងស្ថានភាពវិបត្តិកូវីដ១៩ កំពុងរីករាលដាលនៅទូទាំងសកលលោកចាប់តាំងពីឆ្នាំ២០២០ រហូតមក។ ប៉ុន្ដែការសាងសង់ប្រលានយន្តហោះអន្តរជាតិភ្នំពេញ ខេត្តសៀមរាប កោះកុង និងខេត្តព្រះសីហនុក៏បន្តធ្វើតាមផែនការ។
ឯកឧត្ដម ជា អូន បានថ្លែងប្រាប់ ទូរទស្សន៍ BTV ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងបន្តពង្រីកសក្ដានុពលលើវិស័យអាកាសចរស៊ីវិលកម្ពុជា បង្កើតចំនួនទេសចរ និងការដឹកជញ្ជូនបន្ថែមទៀតតាមរយៈជើងហោះហើមកកាន់ប្រទេសកម្ពុជា។
ឯកឧត្ដម បញ្ជាក់ថា៖«ក្នុងបរិបទកូវីដ១៩ ដែលបានប៉ះពាល់នៅទូទាំងពីភពលោក គឺយើងបានឃើញភាពឈ្លាសវៃរបស់ សម្ដេចតេជោ បានចាក់ស្រោចវ៉ាក់សាំងដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដូច្នេះកម្មករដែលធ្វើការនៅការដ្ឋានសាងសង់ប្រលានយន្តហោះ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដទៃទៀត មិនឈប់ឈរឡើយ»។
ឯកឧត្ដម បានឱ្យដឹងថា បច្ចុប្បន្នការសាងសង់ប្រលានយន្តហោះអន្រជាតិភ្នំពេញដែលមួយផ្នែកខ្លះស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នសាងសង់បានប្រមាណ ៥០ភាគរយ ហើយគ្រោងបញ្ចប់ការសាងសង់ជំហានដំបូងនៅឆ្នាំ២០២៤។
ចំណែកប្រលានយន្តហោះថ្មីនៅក្នុងខេត្តសៀមរាប ក៏មានវឌ្ឍនភាពច្រើនដែរ ហើយឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា តែងតែដឹកនាំក្រុមការងារចុះទៅពិនិត្យដែរ ដើម្បីជួយលើកទឹកចិត្ត និងផ្ដល់យោបល់។ ដូច្នេះយើងសង្ឃឹមថា នៅអំឡុងខែ មីនា ឬខែមេសា ខាងមុខនេះ ការសាងសង់នឹងបញ្ចប់ជិត ៩០ ភាគរយ ហើយនាអំឡុងខែ តុលាឆ្នាំនេះ យើងនឹងបើកសាកល្បងធ្វើការហោះហើរ។
រីឯប្រលាណយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដែលបានធ្វើការពង្រីកនោះ នាអំឡុងពេលកូវីដ១៩ រយៈពេលជាង ២ ឆ្នាំកន្លងមកនេះ គឺបានធ្វើការពង្រីកការស្ថាបនាបាន ១០០ ភាគរយហើយ។ ដោយឡែក ប្រលានយន្តហោះអន្តរជាតិខេត្តកោះកុង ដែលមានទីតាំងស្ថិនៅស្រុកគិរីសាគរ ការសាងសង់ ក៏សម្រេចបាន ៩០ ភាគរយដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា





