ភ្នំពេញ ៖ ឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាល និងក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូបសូមអបអរសាទរថ្ងៃ៧ មករាដែលជាថ្ងៃកំណើតទី២របស់ប្រជាជនខ្មែរគ្រប់រូប ខណៈមកដល់ឆ្នាំ២០២៣នេះ«ទិវាបុណ្យ៧មករា» គឺមានអាយុកាល៤៤ឆ្នាំហើយនោះ(៧ករា ឆ្នាំ១៩៧៩-៧មករា ឆ្នាំ២០២៣)។
ឯកឧត្តម យឿន យឿត បានលើកលឡើងទៀតថា ក្នុងរយៈពេល៤៤ឆ្នាំ ដែលកម្ពុជាបានរួចផុតពីរបបអន្យតិរ្ថិយ(របប ប៉ុល ពត)នេះក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្ស ជាបិតាស្ថាបនិកសន្តិភាព និងជាមគ្គុទេសក៍ឯក បានធ្វើឲ្យប្រទេស មានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់បែបយ៉ាង រួមទាំងមានសិទ្ធិស្មើសុខស្មើមាត់ក្នុងឆាកអន្តរជាតិផងដែរ។ ជាក់ស្តែងកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំធំៗ ដូចជាកិច្ចប្រជុំកំពូលសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប កិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ានបូក រួមនិងព្រឹត្តិការណ៍អន្តរជាតិជាច្រើនទៀត។
ជាមួយនឹងកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំធំៗខាងលើនេះបណ្តាថ្នាក់ដឹកនាំប្រទេសមហាអំណាច, ប្រទេសអ្នកមាន និងថ្នាក់ដឹកនាំ ប្រទេសជាច្រើនទៀតនៅលើពិភពលោកបានមកទស្សនកិច្ចនៅកម្ពុជា ជាបន្តបន្ទាប់នោះ។ ការមកដល់ប្រទេសកម្ពុជា ពីសំណាក់ប្រទេសមហាអំណាច និងថ្នាក់ដឹកនាំនៃប្រទេសទាំងនោះគឺសបញ្ជាក់ឲ្យឃើញថា កម្ពុជាមានសុខសន្តិភាព មានសុវត្ថិភាពពិតប្រាកដទើបពួកគេបានហ៊ានឈានជើងចូលលើទឹកដីកម្ពុជា។ «នេះហើយគឺជាលទ្ធផលជាក់ស្តែង ដែលបានកើតឡើងចេញ ពីសន្តិភាព ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានោះ»។
ឯកឧត្តមបានបញ្ជាក់ផងដែរថា ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ គឺជាទិវាមហាជ័យជំនះរបស់ប្រជាជនកម្ពុជាលើបនប្រល័យពូជសាសន៍ ប៉ុល ពត។ កម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មីគឺសករាជឯករាជ្យ សេរីភាព ប្រជាធិប-តេយ្យ និងវឌ្ឍនភាពសង្គម។ ប្រជាជនកម្ពុជា បានប្រសិទ្ធនាមថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ថាជាថ្ងៃកំណើតទី២របស់ខ្លួន ហើយកំណត់នូវគោលជំហរយ៉ាងច្បាស់ថា «បើគ្មានថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ »។ លើមូលដ្ឋាននៃការពង្រីកជ័យជំនះ ៧ មករា ឆ្ពោះទៅមុខឥតឈប់ឈរ សាធារណរដ្ឋប្រជាមានិតុកម្ពុជា ដែលជាតំណាងស្របច្បាប់តែមួយគត់របស់ប្រជាជនកម្ពុជាសម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រចំនួ៤គឺ៖
ទី១- បានរំដោះប្រជាជនកម្ពុជាពីរបប ប៉ុល ពត ដ៏សែនមហាឃោឃៅ យង់ឃ្នង និងទប់ស្កាត់របបអន្យតិរ្ថិយនេះមិនឲ្យវិលត្រឡប់មកកម្ពជាជាលើកទី២។
ទី២- បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពទាំងអស់ ដែលសិទ្ធិសេរីភាពទាំងនោះត្រូវបានបន ប៉ុល ពត កំចាត់បង់ក្នុងរបប ៣ ឆ្នាំ ៨ ខែ ២០ថ្ងៃរបស់ពួកវាទៅហើយ។
ទី៣- បានស្តារ និងកសាងខឿនសេដ្ឋកិច្ចជាតិ ឲ្យមានស្ថេរភាពជាបណ្តើរៗតាំងពីពេលនោះមក។
ទី៤- បានធ្វើជាកម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងជាកម្លាំងមិនអាចខ្វះបាន ក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងទីកុ្រងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១៕ អត្ថបទ ៖ បាន ចក់
