បន្ទាយមានជ័យ ៖ លោកឡេ ច័ន្ទសង្វាត បានឡើងធ្វើប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ កន្លងមក មិនទាន់បានកន្លះឆ្នាំផង ស្រាប់តែបែកធ្លាយរឿងអាស្រូវ នាំកូនចៅផឹកស៊ីយ៉ាងសប្បាយអឺងកង នៅក្នុងបរិវេនមន្ទីរសុខាភិបាល។
ប្រភពច្បាស់ការមួយ បានបញ្ជាក់មកថា លោកប្រធានមន្ទីរសុខាភិបាលខេត្ត នាំកូនចៅផឹកស៊ីនៅក្នុងបរិវេនមន្ទីរសុខាភិបាល ក្នុងថ្ងៃចូលឆ្នាំដែលរដ្ឋាភិបាលធ្វើការហាមឃាត់ជាដាច់ខាតក្នុងពេលកំពុងផ្ទុះជម្ងឺកូវីដ១៩ ខ្លាំងនៅក្នុងសហគមន៍ដែលផ្គើនទៅនឹងអនុសាសន៍របស់សម្តេច។
ប្រភពច្បាស់ការដដែល បានឲ្យដឹងទៀតថា កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២១ ថ្មីៗនេះ មានមន្ត្រីសុខាភិបាល និងបុគ្គលិកពេទ្យ ជាច្រើននាក់បាននាំគ្នាផឹកស៊ីនៅក្នុងបរិវេនមន្ទីរសុខាបាលខេត្តបន្ទាយមានជ័យ យ៉ាងសប្បាយអឺងកងធ្វើឲ្យប្រជាពលរដ្ឋរស់នៅម្តុំនោះ បាននាំគ្នាថតហើយបង្ហោះយ៉ាងព្រោងព្រាត ដែលហានប្រឆាំង និងសេចក្តីជូនដំណឹង របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងសម័យ រដ្ឋាភិបាល មន្ត្រីរាជការ កងកំលាំងទាំង៣ ប្រជាពលរដ្ឋនាំគ្នាំប្រឆាំងនិងជម្ងឺដ៏កាចសាហាវ កូវីដ១៩ ដែលកំពុងឆ្លងនៅតាមសហគមន៍។
យ៉ាងណាម៉ិញបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋ និង មន្ត្រីរាជការគ្រប់ផ្នែកគ្រប់ស្ថាប័ន ទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនឲ្យមានការជួបជុំគ្នា ផឹកស៊ីជួបជុំគ្នាច្រើន គ្រប់បែបយ៉ាងទាំងអស់ ព្រោះខ្លាចឆ្លង ជំងឺកូវីដ.១៩ ។ ដោយឡែកគេសង្កេតឃើញថា លោក ឡេ ច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ធ្វើសកម្មភាព ផ្គើននិងអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលទៅវិញ ដោយបានជួបជុំគ្នាផឹកស៊ី ជាមួយបុគ្គលិកពេទ្យកូនចៅក្រោមឱវាទ នៅក្នុង បរិវេណ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ យ៉ាងសប្បាយអឺងកង ជាក់ស្ដែងដូចឃើញ នៅក្នុងរូបភាពនេះស្រាប់ ។
ក្នុងនោះ មានប្រជាពលរដ្ឋ រិះគន់ថា តើក្រសួងសុខាភិបាល គួរចាត់វិធានការយ៉ាងណាជាក់ស្តែងដូចឃើញក្នុងរូបភាពនេះស្រាប់ ដែលហ៊ានប្រឆាំងនិងសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តបន្ទាយមានជ័យលេខ ២៤៩ /២១សជណ ចុះថ្ងៃទី ១៥ មេសា ឆ្នាំ ២០២១ ជាពិសេស ប្រឆាំង អនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ។
ពាក់ព័ន្ធ និងរឿងនេះ ភ្នាក់ងារយើងបានធ្វើការទំនាក់ទំនងលោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការស្រាយផងដែរ ប៉ុន្តែខលចូលដំបូងមិនលើក ខលចូលលើកទី២ បែរជាកូនចៅលើកថា មេកំពុងជាប់ប្រជុំ។
តើបញ្ហានេះ ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នឹងមានវិធានការបែបណាចំពោះទង្វើផ្គើនផឹកស៊ី របស់លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ រួមទាំងបក្សពួកមួយចំនួន ក្នុងឱកាសចូលឆ្នាំដែលផ្គើន នឹងអនុសាសន៍របស់សម្តេចនោះ៕
អត្ថបទ ៖ ឃិនសារិទ្ធ




