ភ្នំពេញ ៖ លោកប្រធានសមាគមស្បែកជើងកម្ពុជា បាននិយាយថា គិតក្នុងរយៈពេល ៤៤ឆ្នាំកន្លងមក ពោលនៅក្រោយថ្ងៃជំនះ ៧មករា វិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា ត្រូវបានរស់រានឡើងវិញ ដោយចាប់ផ្តើមពីបាតដៃទទេ រហូតមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ថែមទាំងបង្កើតការងាររាប់សែន លាននាក់ជូនដល់ប្រជាពលរដ្ឋ។
ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី ឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានមានប្រសាសន៍ថា បើប្រៀបធៀបរយៈពេល ៤៤ឆ្នាំមុន និងពេលបច្ចុប្បន្ននេះ គឺមានភាពខុសគ្នាឆ្ងាយណាស់ ដែលអាចនិយាយបានថា ខុសគ្នាដូចមេឃនិងដី ដោយសារជំនាន់ឆ្នាំ១៩៧៩ បែកចេញរបបប៉ុល ពត ពលរដ្ឋម្នាក់ៗសល់តែឈុតសម្លៀកបំពាក់ពណ៌ខ្មៅជាប់និងខ្លួនប៉ុណ្ណោះ។ លោកឧកញ៉ា បានរៀបរាប់បន្ត អ្វីដែលជាចងចាំមិនភ្លេចក្នុងសម័យដ៏អាក្រក់នោះ គឺការហូបចុកមិនគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាពក្នុងដើរទៅណាមកណា និងគ្មានសិទ្ធិសូម្បីបញ្ចេញមតិជាដើម។
ឧកញ៉ា លី ឃុនថៃ បានបញ្ជាក់ថា សព្វថ្ងៃនេះសមាជិកសមាគមស្បែកជើងកម្ពុជាសរុបចំនួន ១២០នាក់ បានផ្តល់ឱកាសការងារដល់កម្មករនិយោជិតសរុបចំនួនប្រមាណ ១៤ម៉ឺននាក់។ នៅក្នុងឱកាសនេះ លោកបានអះអាងថា ទាំងពេលបច្ចុប្បន្ន និងអនាគតទៅមុខ រូបលោកនៅតែគាំទ្រ ពេញចិត្ត១០០ភាគរយ ទៅលើការដឹកនាំដ៏ឆ្នើមប្រកបដោយគតិបណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខឥតឈប់ឈរ ទាំងនៅក្នុងស្រុក និងលើឆាកអន្តរជាតិ។
ជុំវិញការលើកឡើងខាងលើនេះ ក្រុមកម្មការនីកាត់ដេរ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ មករា ឆ្នាំ២០២៣នេះ បាននិយាយថា ជាកាពិតណាស់ ឆ្លងកាត់បទពិសោធន៍ដ៏ជូរចត់ ព្រៃផ្សៃបំផុតក្នុងសម័យ ប៉ុល ពតកន្លងទៅនេះ ផ្តើមចេញពីជ័យជម្នះ ៧មករា ធ្វើឲ្យក្រុមគ្រួសារទាំងមូលបានរស់នៅជួបជុំគ្នាប្រកបដោយភាពសម្បូរសប្បាយរីករាយ ជាពិសេស ការងារដែលទទួលបានសព្វថ្ងៃនេះ ក៏ដោយសារប្រទេសមានសុខសន្តិភាព។
យោងតាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតក្នុងឆ្នាំ២០២២នេះ បច្ចុប្បន្នភាពសហគ្រាស គ្រឹះស្ថាន វិស័យកាត់ដេរ និងផលិតស្បែកជើង មានចំនួនប្រមាណជិត ១ ២០០រោងចក្រ បានបង្កើតការងារដល់កម្មករនិយោជិតសរុបចំនួនជាង ៨៣ម៉ឺននាក់៕ ដោយ ៖ បូរ៉ាវី



