ឧត្តរមានជ័យ៖ ក្នុងឱកាសអបអរសាទរ ទិវាគម្រប់ខួបលើកទី៤៤ នៃជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលើរបបប្រល័យ ពូជសាសន៍ ប៉ុល ពត នាថ្ងៃ៧មករា ឆ្នាំ១៩៧៩ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ថ្លែងថា ការសង្គ្រោះជាតិខ្មែរឲ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា បាននាំឱ្យកម្ពុជាអភិវឌ្ឍន៍ឈានទៅមុខឥតឈប់ឈរ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានដឹកនាំរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ៧មករា (០៧មករា ១៩៧៩-០៧មករា ២០២៣) ដែលមានការចូលរួមពីបណ្តាមន្រ្តីរាជការខេត្តឧត្តរមានជ័យ មកពីអង្គភាព-ស្ថាប័នរដ្ឋ សរុបប្រមាណ៣០០នាក់ ដោយពិធីនេះធ្វើឡើងនៅសាលាខេត្តឧត្តរមានជ័យ។
ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ការប្រារព្ធខួបអនុស្សាវរីយ៍នេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់វីរយុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា អ្នកស្នេហាជាតិទាំងឡាយ និងវីរយុទ្ធជននៃកងទ័ពស័គ ចិត្តវៀតណាម ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ រហូតពលិកម្មអាយុជីវិតក្នុងការប្រយុទ្ធ ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរណ្តៅមរណៈនៃរបបដ៏យង់ឃ្នងនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ថ្លែងថា ៤៤ឆ្នាំកន្លងទៅនេះ គឺជា៤៤ឆ្នាំ នៃសាមគ្គីភាព ជា៤៤ឆ្នាំនៃការតស៊ូអនុវត្តគ្រប់កិច្ចការប្រកបដោយវីរភាព និងជា៤៤ឆ្នាំនៃជ័យជម្នះរបស់ប្រជាជនកម្ពុជា ហើយការតស៊ូពុះពារនេះ បានកែប្រែមាតុភូមិពី ទឹកដីមរណៈ មកជាទឹកដីលូតលាស់ដ៏ស្រស់បំព្រងប្រកបដោយមោទនភាពបំផុត ដែលបានបង្កើនជំនឿ និង ពង្រឹងការតាំងចិត្តរបស់យើង ដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗទៀតក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការ កសាងអនាគតដ៏រុងរឿងសម្រាប់កូនចៅយើងគ្រប់ជំនាន់តទៅមុខទៀត ដោយគ្មានការកើតមានជាថ្មីនូវសង្គ្រាម៧មករា បានផ្តល់កំណើតទីពីរដល់ប្រជាជនកម្ពុជា បើគ្មានជ័យជម្នះ៧មករា គឺគ្មានកម្ពុជានៅថ្ងៃនេះទេ។
ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បញ្ជាក់ថា ខួបនៃទិវាជ័យជម្នះ ៧មករា នៅឆ្នាំនេះ ប្រារព្ធឡើងក្នុងសភាពការណ៍ដែលព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលធំៗថ្មីទៀតលើគ្រប់វិស័យ បន្ទាប់ពីបានងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិជំងឺកូវីដ-១៩ ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ជាមួយ នឹងការលេចត្រដែតឡើងនូវកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម គូសបញ្ជាក់ថា ឆ្លងកាត់រយៈពេល ៤៤ឆ្នាំមកនេះ បានបង្ហាញច្បាស់ថា ផ្តើមពីជ័យជម្នះ ៧មករា ប្រទេសកម្ពុជា បាននិងកំពុងឈានទៅមុខឥតឈប់ឈរតាមទិសដៅដ៏ត្រឹមត្រូវ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន។
ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បន្តថា កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍, ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ, ពី ការបែកបាក់ជាតិ និងការបែងចែកទឹកដី និងពីទឹកដីមួយដែលខឿនសេដ្ឋកិច្ចជាតិត្រូវបំផ្លាញខ្ទេចខ្ទី ទៅជាទឹក ដីដែលមានសន្តិភាព សាមគ្គីភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឲ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់ន អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បន្ថែមថា ភាពពិតជាក់ស្ដែងទាំងនេះ បានបញ្ជាក់ច្បាស់អំពី ការផ្លាស់ប្តូរដ៏ធំធេងជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលកើតពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលចេញពី គណបក្សប្រជាជនកម្ពុជា, ពីការខិតខំរបស់គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់, ពីការចូលរួម របស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ គ្រប់ជនជាតិ គ្រប់ជំនឿសាសនា ដោយលើកទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ, ពីការចូលរួមនៃវិស័យឯកជន និងសង្គមស៊ីវិល ព្រមទាំងការគាំទ្រ និងជួយឧបត្ថម្ភដ៏ស្មោះសរពីសំណាក់ បណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អន្តរជាតិ៕ ដោយ ៖ ឧត្ដម







