ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងមន្ត្រីបច្ចេកទេសសុខាភិបាល ព្រមទាំងមានការចូលរួមពីតំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមការងារសាងសង់ទាំងអស់ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះពិនិត្យ និងពន្លឿនការងារសាងសង់នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សាងសង់លើផ្ទៃដីទំហំជិត ៨ហិចតា។
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានប្រាប់BTV ព័ត៌មាន នៅព្រឹកនេះថា ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មន្ទីរពេទ្យជាតិនេះ នឹងត្រៀមបញ្ចប់ការសាងសង់ជាស្ថាពរនៅដំណាច់ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ នឹងអាចដាក់ដំណើរការទទួលអ្នកជំងឺ មកពីបណ្តាខណ្ឌទាំង ០៦ ក៏ដូចជាខណ្ឌផេ្សងៗទៀតនៅក្នុងរាជធានីភ្នំពេញ និងខេត្តជាប់ព្រំប្រទល់ផងដែរ។
លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ បានបញ្ជាក់ទៀតថា នៅចំពោះមុខ ដោយប្រឈមនឹងស្ថានភាពមិនទាន់ប្រាកដប្រជានៃការឆ្លងជំងឺកូវីដ-១៩ លើពិភពលោក និងការវិវត្តន៍នៃភាពបំលែងថ្មីរបស់មេរោគកូវីដ-១៩ ផ្នែកខ្លះនៃមន្ទីរពេទ្យ តេជោសន្ដិភាពនេះ នឹងត្រូវសំរុករៀបចំឱ្យបានឆាប់ ដើម្បីត្រៀមទប់ទល់នឹងសភាពការណ៍អាក្រក់ណាមួយដែលអាចកើតឡើងជាយថាហេតុ។ ដូច្នេះ សម្រាប់ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ និងឈ្លៀសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យើងបានត្រៀមជាស្រេចក្នុងការទប់ទល់ នឹងការរាតត្បាតរបស់មេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ។
សូមបញ្ជាក់ផងដែរថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មានទីតាំងស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សាងសង់លើផ្ទៃដីទំហំជិត ៨ហិចតា ដែលមានគ្រែសរុប ចំនួន ៩,៥៩៣គ្រែ ហើយមានអគារសរុបចំនួន ១១អគារ រួមមាន៖ អគារ A, S, E, H1,H2,H3,H4,H5,H6,H7, T1,T2 ដែលអគារនីមួយៗសុទ្ធតែមានមុខងារសំខាន់ៗជាពិសេស អគារ T1,T2 ជាពិសេសមន្ទីរពេទ្យជាតិ តេជោសន្ដិភាពដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ និងដាក់ឱ្យដំណើរការជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះផងដែរ៕ អត្ថបទ ៖ រដ្ឋា











