កំពង់ចាម៖ រដ្ឋបាលស្រុកស្រីសន្ធរ បានរៀបចំការប្រណាំងទូក ង លក្ខណៈប្រពៃណី ដើម្បីចូលរួមអបអរសាទរ ថ្ងៃជ័យជម្នះ ៧មករា (១៩៧៩-២០២៣) និងបង្កភាពសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព។
ព្រះសង្ឃ រួមបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមពិធីប្រណាំងទូក ង នៅក្នុងឃុំព្រែករំដែង ស្រុកស្រីសន្ធរ បានលើកឡើងថា ពេលប្រទេសជាតិមានសន្តិភាពគ្មានសង្គ្រាម និងប្រជាពលរដ្ឋ មានសិទ្ធិសេរីភាពដើរហើរយ៉ាងសប្បាយរីករាយ។ ពិធីប្រណាំងទូក ង លក្ខណៈប្រពៃណីនៅពេលនេះ គឺបង្ហាញពីការអភិរក្សប្រពៃណីខ្មែរ និងទំនៀបទំលាមពីការប្រណាំងទូកទាំងខ្នាត់អន្តរជាតិ និងខ្នាតវែង។
លោក ស៊ឹម គង់ អភិបាលស្រុកស្រីសន្ធរ បានបញ្ជាក់ដែរថា ការរៀបចំពិធីប្រណាំងទូក ង នៅពេលនេះ គឺដើម្បី ជួយថែរក្សាប្រពៃណី បង្កើតនូវក្តីស្រឡាញ់ និងទំនាក់ទំនងមិត្តភាពប៉ុណ្ណោះនោះទេ ប៉ុន្តែក៏បានចូលរួមបង្កើនស្មារតីសាមគ្គីភាព យោគយល់ និងអធ្យាស្រ័យគ្នាផងដែរ។ លោកអភិបាលស្រុកបន្ថែមទៀតថា ចំពោះការប្រណាំងទូកនៅពេលនេះ ទោះបីមានការឈ្នះ ចាញ់ គឺជាការប្រកួតមិត្តភាព ប្រកួតអស់ពីសមត្ថភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ មិនស្អប់គ្នានោះទេ ពេលប្រទេសជាតិទទួលបានសុខសន្តិភាព និងយកជ័យជម្នះ៧មករាក្រោមការដឹកនាំរបស់សម្តេចជោ ហ៊ុន សែន ។
សូមជម្រាបជូនដែរថា ទូក ង ដែលបានយកមកប្រណាំងនៅថ្ងៃទី ៧ ខែមករានេះ មានចំនួន ៤៥ទូក ស្មើនឹង២២គូរ ដោយមានការចូលរួមពីតាមបណ្តាលខេត្តដូចជា ខេត្តកណ្តាល ខេត្តព្រៃវែង និងតាមបណ្តាលស្រុក នៃខេត្តកំពង់ចាមផងដែរ៕ អត្ថបទ៖ ថុង សីហា







