ព្រៃវែង៖ មានថ្ងៃជ័យជម្នះ ៧មករា ទើបនាំឱ្យកម្ពុជាមានការីកចម្រើនដូចពេលបច្ចុប្បន្ន នេះជាសច្ចភាពប្រវត្តិសាស្ត្រដែលមិនអាចប្រកែកបាន អ្នកមិនទទួលស្គាល់ថ្ងៃជ័យជម្នះ ៧មករា គឺមានតែអ្នកដែលគាំទ្ររបបខ្មែរក្រហមប៉ុណ្ណោះ។
នេះជាការថ្លែងរបស់ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាសមាជិកអចិន្រ្តៃយ៍ នៃគណៈគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ខណៈអញ្ជើញអបអរសាទរខួបលើកទី៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧មករា នាព្រឹកថ្ងៃទី៨ ខែមករា នៅស្រុកពាមរក៍ ខេត្តព្រៃវែង។ ពិធីនេះក៏មានការចូលរួមពី ឯកឧត្តម អ៊ុ ប៊ុនឡេង អនុប្រធានគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ ជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ព្រមទាំងប្រជាពលរដ្ឋសរុបជាង ៣០០នាក់ ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមម្លប់សុខសន្តិភាព ហើយបន្តប្រឹងប្រែងក្នុងការកសាងសង្គមជាតិ និងជីវភាពប្រកបដោយក្តីសង្ឃឹម និងជ័យជម្នះ៧ មករា បានបិទបញ្ចប់នូវទំព័រសករាជដ៏ខ្មៅ នាំមកនូវសករាជថ្មីនៃការរស់រៀន ការអភិវឌ្ឍ និងផ្តល់កំណើតទី២ដល់របស់ប្រជាពលរដ្ឋ។ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា មានយុទ្ធសាស្រ្តត្រឹមត្រូវជាក់លាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋស្ទើរទូទាំងប្រទេស ទើបរហូតមកដល់សព្វថ្ងៃកម្ពុជាបានបើកប្រទេសឡើងវិញ ហើយកំពុងកសាងសេដ្ឋកិច្ច និងសង្គមឡើងវិញ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានជួយឧបត្ថម្ភសាច់ប្រាក់ជូនដល់ជនងាយរងគ្រោះ ស្រ្តី និងកុមាផងដែរ។ ម្យ៉ាងវិញទៀត ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋសភា បានទទួលជោគជ័យក្នុងកិច្ចប្រជុំអាស៊ាន និងអន្តរសភាអស៊ាននាពេលកន្លងទៅទទួល បានការកោតសរសើរពីប្រទេសអាស៊ាន និងសហគមន៍អន្តរជាតិ។
ឯកឧត្តមកិត្តិបណ្ឌិត ជាម យៀប ក៏បានថ្លៃងអំណរគុណផងដែរដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទាំង ៦ស្រុក ក្នុងខេត្តព្រៃវែង ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយគោលនយោបាយគណបក្សប្រជាជនកម្ពុជាជូនដល់ប្រជាពលរដ្ឋទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតឃុំ សង្កាត់នាពេលកន្លងទៅ និងសូមឲ្យសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ បោះឆ្នោតបន្តគាំទ្រក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ នាពេលខាងមុខឲ្យទទួលបានជោគជ័យ ៕










