កំពង់ស្ពឺ : ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ទឹកចិត្ត និងការលៈបង់របស់លោកគ្រូ អ្នកគ្រូ ខេត្តកំពង់ស្ពឺ បានចូលរួមចំណែកធ្វើឲ្យអត្រាសិស្សានុសិស្សប្រលងជាប់បាក់ឌុបនៅខេត្តកំពង់ស្ពឺកើនឡើង។
ការថ្លែងរបស់ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ យ៉ាងដូច្នេះក្នុងពិធី ជួបសំណេះសំណាលជាមួយមន្ត្រីអប់រំ និងមន្រ្តីសុខាភិបាល ខេត្តកំពង់ស្ពឺ អមដំណើរពីឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលខេត្ត ស្រុក លោកគ្រូ អ្នកគ្រូ លោក លោកស្រីវេជ្ជបណ្ឌិត មន្រ្តី បុគ្គលិកអប់រំ និងសុខាភិបាល ស្រុកសំរោងទង និង ក្រុងច្បារមន ប្រមាណ ២,០០០នាក់,នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣នេះ។
ក្រោមបរិយាកាសដ៏សប្បាយរីករាយនេះ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ ចំពោះលោកគ្រូ អ្នកគ្រូ ជាក់ស្តែងក្នុងអំឡុងពេលកូវីដ-១៩ លោកគ្រូ អ្នកគ្រូ ដែលបានព្យាយាមប្រើប្រាស់គ្រប់មធ្យោបាយ បត់បែន ផ្លាស់ប្តូរទម្លាប់ ដើម្បីធានាប្រសិទ្ធភាពនៃការបង្រៀនរបស់សិស្ស ជាពិសេស បានចូលរួមបង្ហាត់បង្រៀនវគ្គបំប៉ន ដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលត្រៀមខ្លួនប្រលងមធ្យមសិក្សាទុតិយភូមិ ។
នាឱកាសនេះដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងកោតសរសើរលោកគ្រូ អ្នកគ្រូ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច និងបំពេញបេសកកម្មបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេស អំឡុងពេលសម័យប្រឡងទុតិយភូមិដែលទើបកន្លងផុតថ្មីៗនេះ ក្នុងការខិតខំបង្ហាត់បង្រៀនសិស្សានុសិស្សឱ្យទទួលបានលទ្ធផលល្អ ដោយបានចូលរួមសម្របសម្រួលគ្រប់ស្ថានភាព និងផ្តល់ភាពកក់ក្តៅដល់សិស្សផងដែរ៕ អត្ថបទ រដ្ឋា










