បាល់ទាត់៖ បន្ទាប់ពីក្លិបធំទាំង ៦ របស់អង់គ្លេសរួមមាន Manchester City, Manchester United, Liverpool, Chelsea, Arsenal និង Tottenhan Hotspur បានប្រកាសដកខ្លួនពីការប្រកួត European Super League បួនក្លិបទៀតក៏បានសំរេចចិត្តដកខ្លួនដែរបន្សល់ទុកតែ Real Madrid និង Barcelona ដែលនៅតែរក្សាភាពស្ងៀមស្ងាត់។
ក្លិបអេស្ប៉ាញ Atletico Madrid ដើរមុនគេបន្ទាប់ពីក្លិបទាំង ៦ របស់អង់គ្លេសក្នុងការដកខ្លួននេះ មុនពេលដែល Inter Milan បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនថា FC Internazionale Milano មិនមានពាក់ព័ន្ធនឹងគម្រោង European Super League ទៀតឡើយ។ មិនយូរប៉ុន្មានក្នុងថ្ងៃពុធដដែលក្លិបយក្សអ៊ីតាលីពីរទៀត Juventus និង AC Milan ក៏បានចេញសេចក្ដីថ្លែងការណ៍រៀងៗខ្លួនពីការដកខ្លួន។ មកដល់ពេលនេះនៅសល់តែ Real Madrid និង Barcelona ប៉ុណ្ណោះនៅស្ងៀមស្ងាត់នៅឡើយ ដោយក្នុងនោះ Real Madrid ដែលមានប្រធានក្លិបលោក Florentino Perez ជាអ្នកផ្ដួចផ្ដើមដំបូង។
លោក Perez បានផ្តល់កិច្ចសម្ភាសន៍ក្នុងទូរទស្សន៍អេស្ប៉ាញមួយថា ការប្រកួតបង្កើតអោយមានពាន European Super League នេះឡើងគឺដើម្បីស្រោចស្រង់ហិរញ្ញវត្ថុរបស់ក្លិប ដែលដុនដាបខ្លាំងអំឡុងពេលវិបត្តិ Covid-19 នេះ។ តែគំនិតនេះត្រូវទទួលរងការរិះគន់គ្រប់មជ្ឈដ្ឋាន ជាពិសេសអ្នកគាំទ្រភាគច្រើនបានសំដែងការមិនពេញចិត្ត និងឈានដល់ការធ្វើបាតុកម្មនៅអង់គ្លេស៕
អត្ថបទ៖នាង សុភាវុធ