អុកចត្រង្គ៖ ការប្រកួតកីឡាអុកចត្រង្គជើងឯកអាស៊ីអាគ្នេយ៍ (SEA OUK CHAKTRANG Championship) ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញបានចាប់ផ្ដើមការប្រកួតជាផ្លូវការហើយ ដោយផ្តោតសំខាន់លើការត្រៀមលក្ខណៈឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជានាខែឧសភាខាងមុខ។
ថ្លែងក្នុងពិធីបើកការប្រកួតព្រឹត្តិការណ៍ថ្នាក់តំបន់ ឯកឧត្តមបានសម្ដែងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានប្រតិភូ អាជ្ញាកណ្ដាល-ចៅក្រម និងកីឡាករ-កីឡាការិនីទាំងអស់ដែលបានចូលរួមព្រឹត្តិការណ៍នេះ រួមមានអត្តពលិកមកពីប្រទេសវៀតណាម ថៃ មីយ៉ាន់ម៉ា ឡាវ និងម្ចាស់ផ្ទះកម្ពុជា។ ឯកឧត្តមបន្ដថា នេះជាលើកដំបូងហើយដែលសហព័ន្ធ បានរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតថ្នាក់តំបន់ ក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣(CAMSOC) ដោយផ្ដោតសំខាន់លើការផ្សព្វផ្សាយពីបទបញ្ជាបច្ចេកទេសដល់ប្រទេសទាំងអស់ មុនឈានដល់ការប្រកួតផ្លូវការនៅស៊ីហ្គេមឆ្នាំ២០២៣។
លោក ប៊ិន គាសេង អគ្គលេខាធិការរងសហព័ន្ធ និងជានាយកបច្ចេកទេសសហព័ន្ធបានឲ្យដឹងថា ការប្រកួតកីឡាអុកចត្រង្គជើងឯកអាស៊ីអាគ្នេយ៍លើកដំបូងនៅកម្ពុជានេះ គឺធ្វើការប្រកួតលើ ៦វិញ្ញាសាចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ដោយមានប្រតិភូ និងអត្តពលិកចូលរួមសរុប ៦២នាក់រួមមានម្ចាស់ផ្ទះកម្ពុជា ១៦នាក់, វៀតណាម ១៦នាក់, ថៃ ១៦នាក់, មីយ៉ាន់ម៉ា ៧នាក់ និងឡាវ ៧នាក់៕
អត្ថបទ៖ លី ឈុនឡា