បាល់ទះ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជាកាលពីចុងសប្ដាហ៍កន្លងទៅ បានរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយគឺការប្រកួតកីឡាបាល់ទះមិត្តភាព Cambodia Volleyball All Star ដែលបង្កប់នូវអត្ថន័យសំខាន់ៗជាច្រើនទៀត ពិសេសដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា នៅសាលបាល់ទះនៃកីឡដ្ឋានព្រីនស៍។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យដឹងថា នេះជាលើកដំបូងហើយ ដែលសហព័ន្ធបានកៀគរតារាបាល់ទះស្ទើរទូទាំងប្រទេស ដើម្បីចូលរួមព្រឹត្តិការណ៍នេះក្នុងគោលបំណងទី១ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា ក៏ដូចជាការផ្ដល់ឱកាសដ៏កីឡាករឆ្នើមៗទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ បានប្រមូលផ្ដុំជាក្រុមធ្វើការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិ ហើយក៏ជាការតេស្ដសមត្ថភាពក្រុមជម្រើសជាតិ ត្រៀមឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ផងដែរ។
អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា ក្រៅពីការប្រកួតមិត្តភាពកម្ពុជា All Star នេះ សហព័ន្ធក៏មានផែនការជាច្រើន ពិសេសការប្រកួតមិត្តភាពជាតិ-អន្ដរជាតិរបស់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីដុសខាតសមត្ថភាព បច្ចេកទេស និងពង្រឹងគុណផលកម្រិតខ្ពស់ត្រៀមឆ្ពោះទៅប្រជែងមេដាយស៊ីហ្គេម ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា ក្រោយការទន្ទឹងររង់ចាំអស់រយៈពេល ៦៤ឆ្នាំនាខែឧសភា ឆ្នាំ០២៣ ខាងមុខនេះផងដែរ៕
អត្ថបទ៖ លី ឈុនឡា