អាមេរិក៖ សហរដ្ឋអាមេរិកបានចូលរួមជាមួយសហភាពអឺរ៉ុប ក្នុងការថ្កោលទោសលើការប្រហារជីវិតបុរស ២នាក់ដោយចងព្យួរកកាលពីថ្ងៃទី៧ ខែមករា ក្រោយពួកគេត្រូវបានរកឃើញទោសកំហុសពីបទសម្លាប់សមាជិកកងកម្លាំង Basij អំឡុងការតវ៉ាប្រឆាំងរដ្ឋាភិបាល។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បានថ្កោលទោសយ៉ាងដាច់អហង្ការ នៅអ្វីដែលលោកបានហៅថាជាការកាត់ទោស និងការប្រហារជីវិតដ៏អាម៉ាស់លើបុរស ២នាក់ពីបទសម្លាប់សមាជិកកងកម្លាំងប៉ារ៉ាកាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។ លោក Price បាននិយាយនៅលើបណ្ដាញ Twitter ថា ការប្រហារជីវិតទាំងនេះគឺជាផ្នែកដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់របបនេះ ក្នុងការគាបសង្កត់ការតវ៉ាទាំងឡាយ។ យើងនៅតែបន្តធ្វើការជាមួយបណ្ដាដៃគូ ដើម្បីស្វែងរកការទទួលខុសត្រូវសម្រាប់ការបង្ក្រាបដ៏សាហាវរបស់អ៊ីរ៉ង់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥១៦នាក់រួមទាំងកុមារ ៧០នាក់ និងមនុស្សចំនួន ១៩.២៦២នាក់ត្រូវបានចាប់ខ្លួន។
ប្រធានកិច្ចការបរទេសសហភាពអឺរ៉ុបលោក Josep Borrell បាននិយាយថា សហភាពអឺរ៉ុបបានតក់ស្លុតដោយសារតែការប្រហារជីវិតនេះ។ សហភាពអឺរ៉ុបអំពាវនាវជាថ្មីទៀត ឲ្យក្រុមអាជ្ញាធរអ៊ីរ៉ង់បញ្ចប់សកម្មភាពបង្ក្រាបដោយហិង្សាជាបន្ទាន់លើជនស៊ីវិល និងបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការអនុវត្តន៍ច្បាប់កាត់ទោសប្រហារជីវិតលើក្រុមបាតុករ។ ទីភ្នាក់ងារព័ត៌មានតុលាការរបស់អ៊ីរ៉ង់ Mizan Online បានប្រកាសការប្រហារជីវិតលើលោក Mohammad Mahdi Karami និងលោក Seyyed Mohammad Hosseini ដោយការព្យួរ -ក-។ ទីភ្នាក់ងារនេះបានហៅពួកគេថា ជាអ្នកប្រព្រឹត្តិអំពើឧក្រិដ្ឋកម្មដ៏ធំដែលនាំឲ្យរកការធ្វើទុក្ករកម្មរបស់ Ruhollah Ajamian ក្នុងអំឡុងការតវ៉ានៅក្នុងទីក្រុង Karaj ក្បែររដ្ឋធានីរបស់អ៊ីរ៉ង់៕
អត្ថបទ៖ សុខមាន