បាល់ទាត់៖ ក្រុមជើងឯក ៦សម័យ Manchester City បានបន្តដំណើរឡើងជុំទី៤ នៃការប្រកួតពានរង្វាន់ FA Cup អង់គ្លេសក្រោយបំបាក់តោខៀវ Chelsea ៤-០ នៅ Etihad Stadium។

City កាលពីសប្តាហ៍មុនទៅយកឈ្នះ Chelsea ១-០ នៅ Stamford Bridge ក្របខណ្ឌ English Premier League តែជំនួបលើកនេះហាក់មិនមានការប្រកួតប្រជែងដូចមុន។ Riyad Mahrez បានបើកការនាំមុខមុនដោយបាល់ Freekick នៅនាទីទី២៣ មុនពេលដែល Julian Alvarez ស៊ុតបាល់ពិន័យ ១១ម៉ែត្រនៅនាទីទី៣០ ហើយ Phil Foden បន្ថែមមួយគ្រាប់ទៀតនាទីទី៣៨។ ចូលវគ្គទី២ ក៏មិនមានអ្វីប្រសើរឡើងសម្រាប់ Chelsea ដែរខណៈក្រុមរបស់លោក Pep Guardiola បានបន្ថែមមួយគ្រាប់ទៀតដោយបាល់ពិន័យ ១១ម៉ែត្ររបស់ Riyad Mahrez ដែលជាគ្រាប់ទីពីររបស់គេក្នុងការប្រកួតនេះ។

ជុំទី៤ Manchester City នឹងត្រូវជួបជាមួយគ្នាជាមួយកាំភ្លើងធំ Arsenal រឺ Oxford។ សម្រាប់លទ្ធផលចាប់ឆ្នោតផ្សេងទៀត Reading ដែលដឹកនាំដោយលោក Paul Ince នឹងត្រលប់ទៅកាន់ទឹកដី Old Trafford ជួបក្រុមបិសាចក្រហម Manchester United អតីតក្រុមដែលធ្លាប់ប្រកបអាជីពកីឡាករ។ ចំណែក Brighton នឹងត្រូវជួប Liverpool រឺ Wolves ដែលពីរក្រុមនេះត្រូវប្រកួតមួយជើងទៀតនៅទឹកដី Wolves បន្ទាប់ពីស្មើគ្នានៅទឹកដី Anfield ២-២៕
អត្ថបទ៖នាង សុភាវុធ