ទូកក្ដោង៖ សហព័ន្ធកីឡាទូកក្ដោងកម្ពុជាបានបញ្ចប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ ដោយជោគជ័យ ក្រោយដំណើការប្រកួតរយៈពេល ៣ថ្ងៃកាលពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមករាចុងសប្ដាហ៍កន្លងទៅនៅឆ្នេររាម ខេត្តព្រះសីហនុ ដែលផ្ដោតសំខាន់ទាំងលើការពង្រឹងសមត្ថភាពកីឡាករ និងមន្ដ្រីបច្ចេកទេសរៀបចំការប្រកួត។
លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការប្រកួតនេះគឺជាការប្រកួតដ៏មានសារៈសំខាន់មួយសម្រាប់ការបន្តកសាងសមត្ថភាព គុណភាព ទេពកោសល្យ និងវិជ្ជាជីវៈរបស់កីឡាករ-កីឡាការិនី ពិសេសគឺការវាស់ស្ទង់សមត្ថភាពរបស់មន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រមរបស់សហព័ន្ធក្រោមការជួយគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញអភិវឌ្ឍន៍វិស័យកីឡាទូកក្ដោងនៅកម្ពុជា ក្នុងការត្រៀមខ្លួនរួចជាស្រេចឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខ។
សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិរយៈពេល ៣ថ្ងៃនេះមានកីឡាករ-កីឡាការិនី ២៧រូបចូលរួមដែលប្រកួតលើ ៦វិញ្ញាសា។ ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញលើផ្ទៃទឹកគឺកីឡាករ កែវ ភារុណ ជាប់លេខ១ លើវិញ្ញាសា Windsurfing Open, កីឡាករ គង់ សំរេង ជាប់លេខ១ លើវិញ្ញាសា Windsurfing Techno Open, កីឡាករ ញ៉ូវ ចាន់ ជាប់លេខ១ លើវិញ្ញាសា ILCA Open, កីឡាករ ចាន់ សុខវាសនា ជាប់លេខ១ លើវិញ្ញាសា Byte Boat Open និងកីឡាករ ទិត សុវណ្ណា ជាប់លេខ១ លើវិញ្ញាសា Optimist Open៕
អត្ថបទ៖ លី ឈុនឡា