ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃប្រទេសកម្ពុជា បានមានប្រសាសន៍ថា ទោះបីសង្គ្រាមបានរលត់អស់រយៈពេល ២៤ ឆ្នាំហើយក៏ដោយ ក៏ប៉ុន្ដែគ្រាប់មីននៅមិនទាន់បំផ្លាញអស់នៅឡើយទេ ដែលរាជរដ្ឋាភិបាលកំពុងតែជំរុញនូវការដោះស្រាយ បោសម្អាតគ្រាប់មីនឱ្យអស់នៅឆ្នាំ២០២៥។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងឱកាសអញ្ជើញធ្វើជាសហធិបតីនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះថា ខេត្តកំពង់ចាម ក៏ជាខេត្តគោលដៅមួយក្នុងការបំផ្លាញចោលគ្រាប់មីន ហើយប្រកាសជាខេត្តដែលគ្មានមីន ដោយរាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមការបោសសម្អាតមីនពីភូមិគ្មានមីន ឃុំ គ្មានមីន ស្រុកគ្មានមីន រហូតដល់ខេត្តគ្មានមីន និងរហូតទៅដល់ទូទាំងប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។
សម្ដេចថ្លែងថា «រាជរដ្ឋាភិបាលបានដាក់ទុនយ៉ាងគំហុកជាមួយដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដើម្បីបោសសម្អាតគ្រាប់មីន ដែលមកដល់ពេលនេះផ្ទៃដីមានមីននៅកម្ពុជា នៅសល់ប្រមាណ ៧០០ គីឡូម៉ែត្រការ៉េ ដែលត្រូវបោសម្អាត។ ដូច្នេះអ្វីដែលសំខាន់សម្រាប់យើងនាពេលនេះ គឺរក្សាឱ្យបាននូវសន្ដិភាពសម្រាប់ការអភិវឌ្ឍ សន្ដិភាពមួយមិនអាចគង់វង្សបានទេប្រសិនបើគ្មានការអភិវឌ្ឍ»។
សម្ដេចតេជោ បានបញ្ជាក់ថា បើចង់មានការអភិវឌ្ឍ ត្រូវតែមានសន្ដិភាព ត្រូវរក្សាសន្ដិភាពឱ្យបាន ហើយបើចង់រក្សាន្ដិភាពឱ្យបានលុះត្រាតែមានការអភិវឌ្ឍ៕
