ឥណ្ឌា៖ អ្នកជំងឺ Covid-19 យ៉ាងហោច ២២នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យនៅឥណ្ឌា ក្រោយពួកគេបាត់បង់ការផ្គត់ផ្គង់អុកស៊ីហ្សែនដោយសារការលេចធ្លាយ។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីថ្ងៃពុធម្សិលមិញ ខណៈដែលបំពង់អុកស៊ីហ្សែនកំពុងបញ្ចូលឡើងវិញនៅមន្ទីរពេទ្យហ្សាកៀ ហ៊ូសាំង ស្ថិតនៅក្នុងទីក្រុងណាស៊ីក។

គេនៅមិនទាន់ដឹងច្បាស់នោះទេពីមូលហេតុ ដែលធ្វើឲ្យឧប្បត្តិហេតុមួយនេះកើតឡើង និងមូលហេតុដែលធ្វើឲ្យអាក់ខានដល់ការផ្គត់ផ្គង់អុកស៊ីហ្សែនដល់អ្នកជំងឺ។ ប៉ុន្តែក្រុមមន្ត្រីបាននិយាយថា គ្មានការបញ្ចេញអុកស៊ីហ្សែនទៅដល់អ្នកជំងឺរយៈពេល ៣០នាទី ជាហេតុធ្វើឲ្យពួកគេស្លាប់បែបនេះ។ លោក ខាឡាស់ ចាដហាវ ស្នងការនគរបាលក្រុងណាស៊ីកបាននិយាយថា ពួកយើងនឹងបើកការអង្កេតលើបញ្ហាមួយនេះ និងចាត់វិធានការទៅតាមផ្លូវច្បាប់។ គួរឲ្យដឹងថា មន្ទីរពេទ្យមួយនេះបានហៅឲ្យគេមកបញ្ចូលអុកស៊ីហ្សែន ក្រោយពេលពួកគេចាប់ផ្ដើមអស់។ មន្ទីរពេទ្យនៅទូទាំងប្រទេសឥណ្ឌា ជួបការលំបាកខ្លាំងក្នុងការផ្គត់ផ្គង់អុកស៊ីហ្សែន ស្របពេលមានតម្រូវការហក់ឡើងខ្ពស់។
លោក អាម៉ុល វីយ៉ាវ៉ា ដែលជីដូនរបស់គាត់ស្ថិតនៅក្នុងចំណោមអ្នកជំងឺស្លាប់ ដោយសារខ្វះអុកស៊ីហ្សែននេះបាននិយាយប្រាប់ BBC ថា ពួកយើងនឹងចាត់វិធានការដ៏តឹងរឹងមកលើពិរុទ្ធជន។ ខណៈពេលនោះដែរ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារ៉េនដ្រា ម៉ូឌី បានសរសេរនៅលើ Twitter ដោយលោកចាត់ទុកស្ថានភាពបែបនេះ គឺជារឿងគួរឲ្យក្រៀមក្រំបំផុត ហើយលោកមានការឈឺចាប់ជាខ្លាំង ចំពោះការបាត់បង់អាយុជីវិតអ្នកជំងឺទាំងអស់នេះ៕
អត្ថបទ៖ សារ៉ាត់