កំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានចាត់វិធានការផ្លូវច្បាប់លើអ្នកនយោបាយទាំងឡាយណា ដែលយកគណបក្សប្រជាជនកម្ពុជា ធ្វើជាគោលដៅវាយប្រហារ ដើម្បីកេងចំណេញ ផ្នែកនយោបាយ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នឹងឈានមកដល់នៅខែកក្កដា ឆ្នាំនេះ។
សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានពង្រីក និងលើកគុណភាព ផ្លូវជាតិលេខ៧ ក្នុងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែមករា នេះ បានលើកទឹកចិត្តឱ្យគណបក្សនយោបាយ ទាំងអស់ ធ្វើនយោបាយតាមរបៀបដោះស្រាយបញ្ហារបស់ខ្លួន ដោយកុំយកគណបក្សប្រជាជនធ្វើជារបៀប វារៈនៃការវាយប្រហារ ។
លោក គង់ គាំ ក៏ជាអតីតមន្ត្រីជាន់ខ្ពស់របស់បក្សប្រជាជនកម្ពុជាផងដែរ ។ ថ្មីៗនេះ លោក គង់ គាំ បានវាយប្រហារមកលើបក្សប្រជាជន នៅក្នុងកិច្ចប្រជុំ១ នៅខេត្តសៀមរាប និងស្រុកជើងព្រៃ ដោយចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ជាចោរលួចសន្លឹកឆ្នោត ជាដើម ។ដូច្នេះសម្តេចមិនទុកឱ្យពួកលោក គង់ គាំ ជាអ្នកប្រឆាំង ចោទថាគណបក្សប្រជាជនជាចោរអស់មួយជីវិតនោះទេ គឺត្រូវបញ្ចប់វប្បធម៌ឡាំប៉ាក្រោយការបោះឆ្នោត។ គណបក្សប្រជាជនមិនអាចទទួលយកបាននូវពាក្យថា ជាចោរលួចបន្លំសន្លឹកឆ្នោតនោះទេ អ្នកណាហ៊ាននិយាយយើងត្រូវតែប្តឹងព្រោះការវ៉ៃប្រហារបែបនេះមិនមែនជាសិទ្ធិបញ្ចេញមតិទេ៕អត្ថបទ៖ មុត សុទ្ធ
