ភ្នំពេញ៖ មន្ទីរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ បានបើកសិក្ខាសាលាស្តីពីការប្រើប្រាស់ម៉ាស៊ីនអេកូ សម្រាប់ផ្នែកសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់ ជូនដល់ក្រុមវេជ្ជបណ្ឌិតឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត។
បើតាមលោក សៀ សំណាង ប្រធានសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងលោកវេជ្ជបណ្ឌិត Steven Rhondeau, (ស្ទីវីន រ៉ុនដូ) CEO/Chief Medical Officer នៃ Alliance for International Medicine បានលើកឡើងស្រដៀងគ្នាថា ក្រុមគ្រូពេទ្យជំនាញខ្ពស់លើផ្នែកម៉ាស៊ីនអេកូ ដែលចូលរួមនាពេលនេះ គឺអញ្ជើញមកពីបណ្តារដ្ឋមួយចំនួន ក្នុងសហរដ្ឋអាមេរិក ដើម្បីស្វៈស្វែងរកវិធីសាស្រ្ត ដើម្បីផ្តល់ និងផ្លាស់ប្តូរបទពិសោធន៍ និងសង្ឃឹមថា កិច្ចការទាំងអស់នេះនឹងជួយដល់លទ្ធភាពលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលជាវេជ្ជបណ្ឌិត និងឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ឲ្យកាន់តែប្រសើរឡើងនូវប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពនៃការព្យាបាលអ្នកជំងឺក្នុងកម្រិតខ្ពស់ ដោយជំនាញអេកូសាស្ត្រនេះ។
ទន្ទឹមគ្នានោះដែរ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងថា សិក្ខាសាលានាថ្ងៃនេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការគ្នារវាងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងមន្ទីរពេទ្យកាល់ម៉ែត ដែលទើប នឹងបានចុះអនុស្សរណៈយោគយល់គ្នាជាផ្លូវការ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។ កិច្ចសហការនេះ មានគោលដៅពង្រីកចំណេះដឹងសមត្ថភាពក៏ដូចជាផ្លាស់ប្តូរបទពិសោធន៍គ្នារវាងក្រុមអ្នកឯកទេសទាំងពីរភាគី ពិសេសសិក្ខាសាលាថ្ងៃនេះផ្តោតលើបច្ចេកទេសគន្លឹះក្នុងការប្រើប្រាស់ម៉ាស៊ីនអេកូក្នុងការដាក់ថ្នាំស្ពឹក សណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់ តាមរយៈក្រុមសាស្ត្រាចារ្យ-វេជ្ជបណ្ឌិតឯកទេសអញ្ជើញមកពី Alliance for International Medicine ដឹកនាំដោយលោកវេជ្ជបណ្ឌិត Steven Rhondeau (ស្ទីវិន រ៉ុនដូ)។
តាមរយៈសិក្ខាសាលានេះ នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពនៃការព្យាបាលអ្នកជំងឺក្នុងកម្រិតខ្ពស់ ដោយជំនាញអេកូសាស្ត្រនេះបម្រើដល់ការដាក់ថ្នាំសណ្តំ និងថ្នាំស្ពឹក ដូចជាការចាក់ថ្នាំស្ពឹកក្នុងតំបន់ ដោយមានម៉ាស៊ីនអេកូជាជំនួយ, ការរករោគវិនិច្ឆ័យភ្លាមៗលើអ្នកជំងឺនៅផ្នែកសង្គ្រោះបន្ទាន់ រួមមានការធ្វើ FAST Echo (Focused Assessment with Sonograpay in Trauma echo) លើអ្នកជំងឺ Polytraumatisme, ការធ្វើអេកូលើសរីរាង្គសំខាន់ៗដូចជា សួត បេះដូង ពោះ ដើម្បីទទួលបានរោគវិនិច្ឆ័យ ឆាប់រហ័ស សម្រួលដល់ការសម្រេចចិត្តព្យាបាល និងសង្រ្គោះអាយុជីវិតអ្នកជំងឺឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវ។ ការធ្វើអេកូនេះមានផលប្រយោជន៍ផងដែរក្នុងការរករោគវិនិច្ឆ័យ និងតាមដានការវិវត្តន៍អ្នកជំងឺក្នុងស្ថានភាពសង្រ្គោះបន្ទាន់ និងផ្នែកប្រពោធនកម្ម ដោយការវាយតម្លៃលើស្ថានភាពបេះដូង សួត សរសៃឈាមជាដើម។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមតំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យ ឯកឧត្តមសាស្ត្រាចារ្យ សូមថ្លែងនូវការអរគុណ ចំពោះសមាគមនិកាយសាសនាចក្រព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងAlliance for International Medical ក្នុងការខិតខំប្រឹងប្រែងបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការនេះលេចចេញជារូបរាងឡើង ដែលពិតជាមានគុណតម្លៃ និងអត្ថប្រយោជន៍ដ៏ធំធេង សមស្របនឹងបច្ចុប្បន្នភាពនៃការអភិវឌ្ឍន៍របស់មន្ទីរពេទ្យក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យអគ្គនាយកមន្ទីរពេទ្យ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែយកចិត្ដទុកដាក់គិតគូរជួយឧបត្ថម្ភគាំទ្រ និងផ្ដល់អាទិភាពដល់វិស័យសុខាភិបាល៕អត្ថបទ រដ្ឋា







