ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក.១៩) នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារ គ.វ.ក.១៩ ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដដូសជំរុញទី៦ ជូនមន្រ្តី និងថ្នាក់ដឹកនាំ នៅព្រឹទ្ធសភា និងមួយទីតាំងទៀត ស្ថិតនៅមន្ទីរពេទ្យបង្អែកដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ សម្រាប់ពលរដ្ឋអាចទៅទទួលការចាក់វ៉ាក់សាំងកូវីដពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញជាបន្តបន្ទាប់។
នៅក្នុងឱកាសខាងលើនោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា ដំណើរការចាក់វ៉ាក់សាំងដូសជំរុញជាបន្តបន្ទាប់នេះ គឺធ្វើឡើងស្របតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ក្នុងគោលបំណងរក្សា និងបង្កើនភាពស៊ាំក្នុងសហគម៍ឱ្យរឹងមាំបានយូរអង្វែងទប់ទល់នឹងការឆ្លងរាលដាលជាសាលកជំងឺកូវីដ-១៩។
ក្រៅពីនេះ លោកជំទាវវេជ្ជបណ្ឌិតបានអំពាវនាវ ដល់ប្រជាពលរដ្ឋកុំរើសអើសការចាក់វ៉ាក់សាំង ព្រោះថាការចាក់វ៉ាក់សាំងកូវីដចម្រុះគ្នាជួយបង្កើនភាពស៊ាំក្នុងសារពាង្គកាយ បានខ្ពស់ជាងការវ៉ាក់សាំងតែមួយមុខ ដូច្នេះសូមពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងដួសជំរុញឲ្យបានគ្រប់គ្នា។
មន្រ្តីបំរើការងារនៅព្រឹទ្ធសភា និងប្រជាពលរដ្ឋទូទៅ បានលើកឡើងដែរថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៦ ពិតជាមានសារៈសំខាន់ណាស់ អាចជួយបង្ការខ្លួនពីជំងឺកូវីដ-១៩ និងមិនចង់ឱ្យជំងឺកូវីដ-១៩ រីករាលដាលដូចមុននោះទេ។
ក្រៅពីនេះ ពួកគាត់ បានសំដែងការអរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានស្វះស្វែងរកវ៉ាក់សាំងកូវីដចាក់ជូនពួកគាត់ដោយឥតគិតថ្លៃ។
បច្ចុប្បន្នការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-19 ត្រូវបានរាជរដ្ឋាភិបាល បន្តចាត់ទុកជាយុទ្ធសាស្រ្តដ៏សំខាន់មួយ ដើម្បីធានានិរន្តរភាព សេដ្ឋកិច្ច និងការរស់នៅជាធម្មតា តាមបែបគន្លងថ្មី ជាមួយវត្តមានជំងឺកូវីដ-19។សម្រាប់ប្រជាពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងកូវីដពីដូសមូលដ្ឋានរហូតដល់ ដូសជំរុញ គឺអាចទៅទទួលការចាក់វ៉ាក់សាំងបាន នៅគ្រប់ទីតាំងសុខាភិបាលសាធារណៈ ឫទីតាំងចល័តរៀបចំដោយក្រសួងសុខាភិបាល សហការជាមួយដៃគូរពាក់ព័ន្ធផ្សេងៗ៕ អត្ថបទ៖ទូច សោភ័ណ







