ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឲ្យប្រជាពលរដ្ឋត្រៀមខ្លួនអញ្ជើញទៅពិនិត្យឈ្មោះបោះឆ្នោតដំបូងរបស់ខ្លួនតាមបណ្តាឃុំ-សង្កាត់ ខណៈឈ្មោះដែលនឹងត្រូវលុបចេញពីបញ្ជីចំនួនជិត ២៨ម៉ឺននាក់។
បើតាមឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងនៅថ្ងៃទី៩ ខែមករា ថា គជ.ប នឹងធ្វើការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដើម្បីឱ្យប្រជាពលរដ្ឋទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យផ្សេងៗរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ព្រមទាំងអាចសុំកែតម្រូវ តាមរយៈការប្តឹងតវ៉ា ឬប្តឹងជំទាស់។
ឯកឧត្តម បញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋបានអញ្ជើញចុះឈ្មោះជាង៩លាននាក់ នឹងមានឈ្មោះជិត ២៨ម៉ឺននាក់ត្រូវលុបចេញពីបញ្ជីឈ្មោះបោះឆ្នោតដំបូងដែលនឹងត្រូវបិទផ្សាយនៅថ្ងៃទី១៣ ខែមករានេះ តាមបណ្តាសាលាឃុំ-សង្កាត់នៅទូទាំងប្រទេស។
ឯកឧត្តម ហង្ស ពុទ្ធា គូសបញ្ជាក់ថា ជនណាក៏ដោយមានសិទ្ធិប្តឹងតវ៉ា ឬប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះ អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតទៅក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងរយៈពេល១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ ហើយនឹងបិទការប្តឹងតវ៉ានៅត្រឹមថ្ងៃទី២៣ ខែមករានេះ។
ពាក់ព័ន្ធនឹងការប្តឹងតវ៉ា ឯកឧត្តម ហង្ស ពុទ្ធា បន្ថែមថា ការប្តឹងអាចធ្វើឡើងបានក្នុងករណីបាត់ឈ្មោះរបស់អ្នកបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែកត់ត្រាមិនច្បាស់លាស់នូវទិន្នន័យពាក់ព័ន្ធ ឬព័ត៌មានដែលបានផ្តល់ឱ្យ ឬត្រូវបាន គ.ជ.ប លុបឈ្មោះមិនត្រឹមត្រូវ។ ចំណែកការប្តឹងជំទាស់ អាចធ្វើឡើងចំពោះបុគ្គលណាម្នាក់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ប៉ុន្តែជននោះមិនមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំពោះជនណាម្នាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើនជាងមួយកន្លែង៕ អត្ថបទ៖ សេក ឧត្តម