ប្រេស៊ីល៖ អ្នកគាំទ្រអតីតប្រធានាធិបតីស្តាំនិយមប្រេស៊ីលលោក Jair Bolsonaro កាលពីថ្ងៃអាទិត្យបានសម្រុកចូលតុលាការកំពូលរបស់ប្រទេស និងអគាររដ្ឋសភា ហើយឡោមព័ទ្ធវិមានប្រធានាធិបតីក្នុងទីក្រុង Brasilia។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក JOE BIDEN និយាយថា លោកថ្កោលទោសចំពោះការរំលោភបំពានលើលទ្ធិប្រជាធិបតេយ្យ និងលើការផ្ទេរអំណាចដោយសន្តិវិធីនៅក្នុងប្រទេសប្រេស៊ីល។

ស្ថាប័នប្រជាធិបតេយ្យរបស់ប្រទេសប្រេស៊ីលមានការគាំទ្រយ៉ាងពេញលេញរបស់យើង ហើយឆន្ទៈរបស់ប្រជាជនប្រេស៊ីលមិនត្រូវបានបំផ្លាញឡើយ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក ANTONY BLINKEN និយាយថា យើងថ្កោលទោសការវាយប្រហារលើវិមានប្រធានាធិបតីប្រេស៊ីល សភា និងតុលាការកំពូល។ ការប្រើអំពើហិង្សាដើម្បីវាយប្រហារស្ថាប័នប្រជាធិបតេយ្យគឺពុំអាចទទួលយកបានឡើយ យើងចូលរួមជាមួយលោក Lula ក្នុងការជំរុញឱ្យបញ្ចប់សកម្មភាពទាំងនេះជាបន្ទាន់។ សហរដ្ឋអាមេរិកថ្កោលទោសរាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅប្រេស៊ីល។ លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសប្រេស៊ីល នឹងមិនរង្គោះរង្គើដោយអំពើហិង្សានោះទេ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ANTONIO GUTERRES និយាយថា លោកថ្កោលទោសចំពោះការវាយប្រហារនេះទៅលើស្ថាប័នប្រជាធិបតេយ្យរបស់ប្រទេសប្រេស៊ីល។

ឆន្ទៈរបស់ប្រជាជនប្រេស៊ីល និងស្ថាប័នរបស់ប្រទេសត្រូវតែគោរព។ លោក JOSEP BORRELL ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបនិយាយថា លោកមានការរន្ធត់ចិត្តចំពោះអំពើហិង្សា និងការចូលកាន់កាប់ដោយខុសច្បាប់នូវទីស្នាក់ការរដ្ឋាភិបាលទីក្រុង Brasilia ដោយក្រុមជ្រុលនិយមហិង្សា។ អ្នកគាំទ្រអតីតប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានទម្លាយការបិទផ្លូវដែលបង្កើតឡើងដោយកងកម្លាំងសន្តិសុខ និងបានសម្រុកចូលក្រសួងនានា និងអគារសភាក្នុងទីក្រុង Brasilia កាលពីថ្ងៃអាទិត្យម្សិលមិញ។ ក្រុមបាតុករច្រើននាក់បានជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី៣០ ខែតុលា ដែលអ្នកឆ្វេងនិយមលោក Luiz Inacio Lula da Silva បានទទួលជ័យជំនះលើលោក Bolsonaro។ អតីតប្រធានាធិបតីរូបនេះបានចោទសួរម្តងហើយម្តងទៀត ដោយគ្មានភស្តុតាង ភាពជឿជាក់នៃប្រព័ន្ធបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិករបស់ប្រទេស ហើយអ្នកគាំទ្រភាគច្រើនរបស់លោកបានជឿលើលោក៕
អត្ថបទ៖ ប៊ុនថន