ភ្នំពេញ៖ កម្ពុជាបានទាក់ទាញការវិនិយោគ មានតម្លៃវិនិយោគសរុប ចំនួន ៤,៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ កើនឡើង ៧,៥ ភាគរយ ធៀបនឹងឆ្នាំមុន។របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញកាលពីថ្ងៃសុក្រថា វិនិយោគិនបរទេសសំខាន់ៗ មកពីប្រទេសចិន ជប៉ុន ប្រទេសថៃ និងសិង្ហបុរី ដោយវិនិយោគភាគច្រើនផ្តោតលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម ផលិតកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។
របាយការណ៍ បន្ថែមថា គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានតម្លៃសរុប ៣,៥ ពាន់លានដុល្លារ កើនឡើង ៤៩ ភាគរយ ធៀបនឹងឆ្នាំ២០២១។
ដោយឡែក គម្រោងវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេសបានធ្លាក់ចុះ ៣៩ ភាគរយមកនៅត្រឹម ១ ២៣៥ លានដុល្លារ។
របាយការណ៍របស់ CDC បានបញ្ជាក់ថា គម្រោងវិនិយោគដោយវិនិយោគិនក្នុងស្រុកមានទុនសរុប ២,៧ ពាន់លានដុល្លារ ស្មើនឹង៥៧ ភាគរយនៃទុនវិនិយោគសរុប ខណៈដែលការវិនិយោគបរទេសពីប្រទេសចិន ឈរលើលេខពីរ មានទុនវិនិយោគចំនួន ១,៤ ពាន់លានដុល្លារ ឬ ៣០ភាគរយ។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃស្ថានភាព Covid-១៩ ច្បាប់វិនិយោគថ្មី និងការអនុគ្រោះពាណិជ្ជកម្មក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសដទៃ បានផ្តល់សន្ទុះដល់កម្ពុជាក្នុងការទាក់ទាញការវិនិយោគថ្មីៗ។
ឧកញ៉ា លឹម ហេង បន្ថែមថា វិនិយោគមួយចំនួនបានកំពុងរើរោងចក្រចេញពីប្រទេសដែលកំពុងមានការឆ្លងជំងឺកូវីដ១៩ខ្លាំង ដែលការណ៍នេះ បានផ្តល់ឱកាសដល់កម្ពុជា ដែលជាប្រទេសមានសក្តានុពល ជាពិសេសការគ្រប់គ្រងកូវីដ១៩បានល្អ ទទួលបានគម្រោងវិនិយោគថ្មីៗបន្ថែម៕អត្ថបទ៖ វណ្ណៈ

