វាយកូនបាល់៖ ជើងឯក Grand Slam, Australian Open ពីរលើក Naomi Osaka បានដកខ្លួនចេញពីការប្រកួត Grand Slam ដើមឆ្នាំនៅអូស្ត្រាលី មួយសប្តាហ៍មុនព្រឹត្តិការណ៍ចាប់ផ្តើមដោយមិនដឹងមូលហេតុ។ នេះជាដំណឹងអាក្រក់មួយទៀតសម្រាប់ Australian Open ដែលអវត្តមានតារាវាយកូនបាល់សំខាន់ៗ បន្ទាប់ពីកីឡាករលេខ ១ ពិភពលោក Carlos Alcaraz ក៏បានដកខ្លួនផងដែរដោយសាររបួសជើងស្តាំ។
ជើងឯក Australian Open ឆ្នាំ២០១៩ និង ២០២១ Naomi Osaka មិនទាន់បានចូលលេងការប្រកួតណាមួយឡើយ តាំងពីដកខ្លួនពីការប្រកួតនៅកម្មវិធី Tokyo Open កាលពីខែកញ្ញា និងបានធ្លាក់ចំណាត់ថ្នាក់ពិភពលោកដល់លេខ ៤២។ ជើងឯក Grand Slam ៤លើក Naomi Osaka ធ្លាប់លើកឡើងពីបញ្ហាផ្លូវចិត្តកាលពីឆ្នាំ២០២២ និងបានបរាជ័យត្រឹមជុំទី១ នៅ French Open និង US Open ហើយក៏បានដកខ្លួនមិនចូលរួម Wimbledon ផងដែរដោយសាររបួស។ បើតាមគណនីនៅបណ្តាញសង្គមរបស់ Naomi Osaka គេឃើញកីឡាការិនីជប៉ុនរូបនេះបានធ្វើដំណើរកម្សាន្តនៅអឺរ៉ុប ជាមួយនឹងមិត្តប្រុសដែលជាតារារ៉េប Cordae៕
អត្ថបទ៖នាង សុភាវុធ