សេណេហ្គាល់៖ មន្ត្រីក្នុងតំបន់ និងប្រធានាធិបតីលោក Macky Sall បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្ស ៣៨នាក់ស្លាប់ និងប្រហែល ៨០នាក់បានរងរបួសនៅប្រទេសសេណេហ្គាល់ភាគកណ្តាល បន្ទាប់ពីរថយន្តក្រុងពីរគ្រឿងបានបុកគ្នាកាលពីថ្ងៃអាទិត្យ។

ឧបទ្ទវហេតុរថយន្តក្រុងបុកគ្នានេះជាហេតុការណ៍មានមនុស្សច្រើនបំផុតស្លាប់ នៅក្នុងការចងចាំនាពេលថ្មីៗនេះរបស់ប្រទេសអាហ្វ្រិកខាងលិច។ លោក Sall បាននិយាយនៅលើបណ្តាញ Twitter ថា លោកមានការសោកស្ដាយយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុនេះ ហើយបានប្រកាសពីការកាន់ទុក្ខរយៈពេល ៣ថ្ងៃដោយចាប់ផ្តើមពីថ្ងៃចន្ទនេះ។ សេចក្តីថ្លែងការណ៍របស់រដ្ឋអាជ្ញាក្នុងតំបន់បាននិយាយថា គ្រោះថ្នាក់នេះបានកើតឡើង បន្ទាប់ពីកង់រថយន្តមួយដែលដឹកអ្នកដំណើរបានផ្ទុះ និងរេរថយន្តទៅលើផ្លូវនៃរថយន្តក្រុង ១គ្រឿងទៀតដែលធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា។
វីដេអូពីកន្លែងកើតហេតុដែលត្រូវបានគេចែកចាយតាមបណ្ដាញអ៊ីនធឺណិត បានបង្ហាញឲ្យឃើញរថយន្តក្រុងពណ៌ស ២គ្រឿងដែលផ្នែកខាងមុខរបស់វាបានបុកគ្នា ខណៈកម្ទេចកំទីបានរាយពាសពេញលើផ្លូវតូចចង្អៀត។ គ្រោះថ្នាក់ចរាចរណ៍គឺជារឿងធម្មតានៅក្នុងប្រទេសសេណេហ្គាល់ ដែលរថយន្តដឹកទំនិញធំៗ និងរថយន្តក្រុងជារឿយៗមានអាយុកាលច្រើនទសវត្សរ៍ និងផ្ទុកលើសទម្ងន់។ កាលពីឆ្នាំ២០១៧ រថយន្តក្រុងពីរគ្រឿងបានបុកគ្នាបណ្តាលឲ្យមនុស្ស ២៥នាក់ស្លាប់ រួមទាំងអ្នកដំណើរមួយចំនួនធ្វើដំណើរទៅចូលរួមក្នុងពិធីបុណ្យសាសនា៕
អត្ថបទ៖ ប៊ុនថន