សៀមរាប៖ ប្រធានគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ ឯកឧត្តម តឹករ៉េត សំរេច បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងបើកឱ្យដំណើរការ នៅខែតុលា ឆ្នាំ២០២៣ ខណៈគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ គម្រោងទាំងមូលសម្រេចបាន ៦៣%។
ឯកឧត្តម តឹករ៉េត សំរេច បានបញ្ជាក់បែបនេះ តាមរយៈកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ។
ផ្អែកតាមសមិទ្ធផលជាក់ស្តែង តាមរយៈការត្រួតពិនិត្យការដ្ឋានផ្ទាល់ និងរបាយការណ៍វឌ្ឍនភាពក្រុមហ៊ុន ឯកឧត្តម តឹករ៉េត សំរេច ប្រធានគណៈកម្មការតម្រង់ទិស បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមមហ៊ុន AIAI ដែលបានយកចិត្តទុកដាក់ខ្ពស់ និងផ្តល់ភាពសំខាន់យ៉ាងខ្លាំងចំពោះគម្រោងនេះ ហើយបានអនុវត្តគម្រោងទទួលបានជោគជ័យយ៉ាងខ្លាំងដូចដែលបានឃើញនៅថ្ងៃនេះ ទោះក្នុងកាលៈទេសៈដែលពិភពលោកបាននិងកំពុងជួបវិបត្តិយ៉ាងខ្លាំងក៏ដោយ។ ឯកឧត្តមប្រធាន ក៏បានថ្លែងអំណរគុណដល់សមាជិកគណៈកម្មការទាំងអស់ និងគ្រប់ភាគីពាក់ព័ន្ធដែលបានជ្រោមជ្រែង សម្របសម្រួល និងគាំទ្រ រហូតយើងសម្រេចបានសមិទ្ធិផលនៅពេលនេះ។
ឯកឧត្ដមថ្លែងថា «តាមរយៈសមិទ្ធិផលឃើញថ្ងៃនេះ យើងអាចវាយតម្លៃបានថា ពេលវេលាលំបាកបំផុតក្នុងការអនុវត្តគម្រោងសាងសង់ឱ្យសម្រេចជោគជ័យនេះ គឺពួកយើងបានឆ្លងផុតហើយ នៅសល់តែការងារតិចតួចប៉ុណ្ណោះ ដែលយើងត្រូវបន្តអនុវត្តឱ្យបានចប់នៅដំណាច់ខែមីនា ឆ្នាំ២០២៣ និងការងារបើកឱ្យដំណើរការ នៅខែតុលា ឆ្នាំ២០២៣»។
តាមរបាយការណ៍បូកសរុបការងាររបស់ក្រុមហ៊ុន AIAI ដែលជាក្រុមហ៊ុនអនុវត្តគម្រោង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ គម្រោងទាំងមូលសម្រេចបាន ៦៣% ដែលយឺតតិចតួចជាងការគ្រោងទុកកាលពីដើមឆ្នាំគឺ ៧០% ដោយសារតែការរាំងស្ទះនៃការនាំចូលឧបករណ៍បរិក្ខាសំណង់ពីប្រទេសចិនបណ្តាលមកពីបញ្ហាកូវីដ១៩។
ជាមួយគ្នានេះ ក្រុមហ៊ុនបានដាក់ចេញនូវផែនការ២០២៣ និងធ្វើការប្តេជ្ញាចិត្តខ្ពស់ នឹងសម្រេចឱ្យការងារសាងសង់នេះឱ្យបាន ៩០% នៅត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣។
ឯកឧត្ដម បញ្ជាក់ថា កំឡុងពេលបន្តទៀតនេះ គឺជាដំណាក់កាលចាប់ផ្តើមអនុវត្តផែនការប្រតិបត្តិការ ដែលក្រុមហ៊ុនអនុវត្តគម្រោង និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាសម្រេចឱ្យបានតាមផែនការដែលបានឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជារួចហើយ៕អត្ថបត្ថ៖ វ៉ន ដារ៉ា





