កំពង់ឆ្នាំង៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលជាតិ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង ប្រមាណជាង ៥០០នាក់ បានចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៦ តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីការពារសុខភាពពីជំងឺកូវីដ-១៩។ កងកម្លាំងដែលបានចូលរួមទាំងអស់ ក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ដល់សុខមាលភាពប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធផងដែរ។
តំណាងកងកម្លាំងនគរបាលជាតិបានអោយដឹងថា តាំងពីចាប់ផ្តើម នៃការកើតមានវីរុសកូវីដ-១៩ នៅក្នុងប្រទេសចិនរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំស្វះស្វែងរកវ៉ាក់សាំង ទាំងការទិញ ទាំងជំនួយ យកមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ អោយមានភាពស៊ាំនៅក្នុងខ្លួន និងតាមសហគមន៍ទូទាំងប្រទេសផងដែរ។ ក្រោយពីប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់ហើយនោះ ទើបប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងមានភាពស៊ាំនៅក្នុងខ្លួន ហើយជំងឺកូវីដ-១៩ មិនអាចយាយី ឬធ្វើទុកដល់អ្នកកើតជំងឺកូវីដ-១៩ បាននោះឡើយ រហូតដល់ដំណើរការបើកប្រទេស និងប្រជាពលរដ្ឋមានសេដ្ឋកិច្ចល្អប្រសើរឡើងវិញ។ ក្នុងនាមកងកម្លាំងទាំងអស់ សូមគោរពអរគុណដល់ការគិតគូរយ៉ាងល្អិតល្អន់ និងការឈ្លៀសវៃរបស់សម្តេចតេជោ ដែលបានដឹកនាំប្រទេស និងប្រជាជន មានក្តីសុខសាន្ត រីកចម្រើន ក្នុងម្លប់សុខសន្តិភាពពិតប្រាកដ។
លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងទាំងអស់ ត្រូវតែបង្កើនយកការទុកដាក់ខ្ពស់ លើការផ្សព្វផ្សាយ អប់រំនូវសេចក្តីណែនាំ និងវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ។ ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួនវិធានការណ៍៣កុំ ៣ការពារ ព្រមទាំងចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជំងឺកូវី-១៩ កុំឲ្យមានការឆ្លងក្នុងសហគមន៍។ គ្រប់កងកម្លាំងនគរបាលជាតិទាំងអស់នៅខេត្តកំពង់ឆ្នាំង ត្រូវបន្តចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងឲ្យបានចប់រួចរាល់ក្នុងយុទ្ធនាការលើកនេះ ។ សូមឲ្យបងប្អូនកងកម្លាំងទាំងអស់ ត្រូវបន្តការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវក្នុងទីបិទជិត ឬទីកន្លែងដែលមានការសង្ស័យ និងត្រូវធ្វើអនាម័យឲ្យបានជាប្រចាំ ដោយសម្អាតដៃដោយលាងទឹកនឹងសាប៊ូ អាល់កុល ឬជែល ជាដើម៕ អត្ថបទ៖ ហុង វាស្នា






