ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ គ្រោងនឹងកោះហៅអភិបាលរាជធានី-ខេត្តទាំងអស់ម្នាក់ម្ដងៗ ដើម្បីមករាយការណ៍ជូន សម្ដេចអំពីបទល្មើសនីមួយៗ ក្នុងមូលដ្ឋានរបស់ខ្លួន ដោយគ្មានការលាក់បាំងនោះឡើយ។
ក្នុងឱកាសអញ្ជើញបើកវេទិកា ស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ សម្ដេច ស ខេង បានលើកឡើងថា ពេលនេះរាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសផ្សេងទៀត ក្នុងនោះ អំពើជួញដូរមនុស្ស គ្រប់ទម្រង់ ត្រូវបន្តធ្វើការងារដោយ មិនត្រូវទំលាក់ដៃនោះទេ។
ប្រមុខក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់ថា បទល្មើសជួញដូរមនុស្ស ជាបទល្មើសមួយកើតឡើងដោយមានភាពស្មុគស្មាញណាស់ ដូចជាការរំលោភសិទ្ធិមនុស្ស ហើយក៏មានបទល្មើសផ្សេងទៀត ដូចជា ចោរលួច ចោរប្លន់ជាដើម។
សម្ដេចក្រឡាហោម លើកឡើងទៀតថា កាលពេលមុនក្នុងមួយថ្ងៃជាមធ្យមទទួលបានបណ្តឹងជាង១០ ហើយមកដល់ពេលនេះក្នុងមួយថ្ងៃមាន១បណ្តឹង ខណៈថ្ងៃខ្លះក៏គ្មានបណ្តឹងទាល់តែសោះផងដែរ។ សម្តេច បញ្ជាក់ថា «នេះជាលទ្ធផលដែលយើងបានដោះស្រាយ ក្នុងការជួយជនរងគ្រោះបានជាបន្ដបន្ទាប់ ដែលមានបណ្តឹងសុំឱ្យជួយ»។
ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវតែធ្វើការដោះស្រាយចំពោះពាក្យបណ្តឹង របស់ជនរងគ្រោះឱ្យបានអស់ និងច្បាស់លាស់ ដោយមិនត្រូវទុកចោល ឬធ្វើលំៗស្រាលៗ និងផ្សំគំនិតនោះទេ។
សម្តេច បានបន្ថែមទៀតថា បើសិនអភិបាលរាជធានី-ខេត្ត ឬសមត្ថកិច្ច មានការបិទបាំងបទល្មើស នៅពេលទទួលបានបណ្តឹង ហើយមិនបានដោះស្រាយនោះ នៅថ្ងៃណាមួយ នឹងរកឃើញជាក់ជាមិនខាននោះឡើយ។
សម្ដេច បានបញ្ជាក់ទៀតថា «បើបិទបាំងមានន័យថា យើងគាំទ្រនូវអំពើទុច្ចរិត ក្នុងនោះពេលយើងចុះទៅ គឺយើងហ្នឹងឃើញនូវប្រភេទបទល្មើសព្រមគ្នា បើមិនមួយ ក៏ពីរ ឬក៏បីដែរ។ បើនៅកន្លែងមួយបើកការរកស៊ីអនឡាញ សួរថាមានច្បាប់ទេ? បើអត់មាន នេះជាបទល្មើសមួយ ហើយមួយទៀត អ្នកធ្វើការនៅអនឡាញមានវីសារចូលមកចូលកម្ពុជាឬទេ? បើអត់មានគឺបទល្មើសមួយទៀត។ តែបើមានវីសារទេសចរណ៍ តែមកធ្វើការនោះ ក៏ជាកំហុសមួយដែរ។ បើយើងធ្វើការលំៗ ស្រាលៗ ឱ្យតែរួចពីដៃ នៅថ្ងៃណាមួយ ខ្ញុំនឹងធ្វើគណនេយ្យភាព ត្រួតពិនិត្យ ហៅចៅហ្វាយខេត្តមករាយការណ៍ តាមករណីនីមួយៗ។ បើមន្ត្រីនគបាលធ្វើការមិនច្បាស់លាស់ គឺមិនស្មោះត្រង់ និងវិជ្ជាជីវៈ»។
យ៉ាងណាក៏ដោយសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ដ្រី បានឲ្យដឹងផងដែរថា រហូតមកដល់ពេលនេះ ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹង ៧០០ពាក្យបណ្តឹង ហើយពាក្យបណ្តឹងមកពីខេត្តណាចំនួនប៉ុន្មាន គឺមាននៅក្នុងបញ្ជីអស់ហើយ ដូច្នេះមិនអាចលាក់បាំងបានឡើយ៕អត្ថបទ៖ បាន ចក់









