ថៃ៖ មេដឹកនាំដែលកាន់អំណាចយូររបស់ប្រទេសថៃលោក Prayuth Chan-ocha កាលពីថ្ងៃចន្ទបានប្តេជ្ញាបន្តការងាររបស់លោកក្នុងការដឹកនាំប្រទេស ជាផ្នែកនៃគណបក្សនយោបាយថ្មី ដោយបានបង្ហើបពីបំណងដើម្បីបន្តធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ពីការបោះឆ្នោតនៅឆ្នាំនេះ។

លោក Prayuth បានថ្លែងប្រាប់អ្នកគាំទ្រ ១០,០០០នាក់នៅក្នុងពិធីបើកសម្ពោធគណបក្សថ្មី United Thai Nation ថា មូលហេតុដែលលោកឈរនៅទីនេះនៅថ្ងៃនេះ គឺដោយសារលោកគោរពលទ្ធិប្រជាធិបតេយ្យប្រទេសថៃ។ លោកមកថ្ងៃនេះមិនមែនដោយសារលោកចង់បានអំណាចនោះទេ ប៉ុន្តែដោយសារតែប្រទេសថៃត្រូវតែបន្តទៅមុខ តើនេះជារឿងត្រឹមត្រូវដែរទេ?។ ឧត្ដមសេនីយ៍ចូលនិវត្តន៍អាយុ ៦៨ឆ្នាំដែលបានកាន់អំណាចចាប់តាំងពីដឹកនាំរដ្ឋប្រហារក្នុងឆ្នាំ២០១៤ កាលពីដើមខែមុនបាននិយាយថា លោកត្រៀមខ្លួនដើម្បីបន្តទៅមុខទៀត ទោះបីជារដ្ឋធម្មនុញ្ញបានកំណត់លោកឱ្យត្រឹមតែរយៈពេល ២ឆ្នាំបន្ថែមទៀតក៏ដោយ។
បច្ចុប្បន្នលោក Prayuth កំពុងស្វែងរកការបោះឆ្នោតស្ទង់មតិ លើជម្រើសកំពូលសម្រាប់នាយករដ្ឋមន្ត្រីបន្ទាប់។ យោងតាមរដ្ឋធម្មនុញ្ញបានឲ្យដឹងថា ការបោះឆ្នោតត្រូវតែធ្វើឡើងនៅត្រឹមខែឧសភាឆ្នាំនេះ។ គណបក្សថ្មីដែលដឹកនាំដោយឥស្សរៈជន ចេញមកពីការបង្កើតតាមបែបអភិរក្សនិយមរបស់ប្រទេសនេះ នៅពុំទាន់ប្រកាសបេក្ខជនជានាយករដ្ឋមន្ត្រីនៅឡើយ៕
អត្ថបទ៖ ប៊ុនថន