ភ្នំពេញ៖ ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ប៉ាប្លូ កំាង (Pablo Kang) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី៩ មករា បានប្រកាសដាក់ឱ្យប្រើប្រាស់នូវឯកសារស្រាវជ្រាវអំពីព័ត៌មានទីផ្សារសំខាន់ៗចំនួន២ និងប្រកាសពីគម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយ ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ។
ឯកសារស្រាវជ្រាវអំពីព័ត៌មានទីផ្សារសំខាន់ៗចំនួន២ រួមមាន៖ ទី១.កសិផលកម្ពុជាសម្រាប់នាំចេញទៅទីផ្សារសហភាពអឺរ៉ុប និងអាសិប និងទី២. កម្ពុជា និងការបើកទីផ្សារពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ព្រមទាំងបានប្រកាសពីគម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយ ក្នុងនោះរួមមាន៖ គេហទំព័រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ប្រព័ន្ធគ្រប់គ្រងស្វ័យបញ្ជាក់ដើមកំណើតទំនិញ និងប្រព័ន្ធផ្ទៀងផ្ទាត់ដើមកំណើតទំនិញជាអន្តរជាតិ ដើម្បីជាជំនួយដល់ធុរជនក្នុងការទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់ដែលកម្ពុជាជាប្រទេសហត្ថលេខី។
ចំពោះសៀវភៅព័ត៌មាន នឹងផ្តល់ព័ត៌មានបច្ចុប្បន្នភាពចុងក្រោយ និងងាយស្រួលយល់ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់ ដែលកម្ពុជា ជាប្រទេសហត្ថលេខី មានជាអាទិ៍៖ កិច្ចព្រមព្រៀងអាសិប, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េជាដើម។
សៀវភៅនេះដែរនឹងជួយដល់សហគ្រាសកសិ-ម្ហូបអាហារ ផលិតករ អ្នកនាំចេញ សមាគមធុរកិច្ច និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីចាប់យកនូវកាលានុវត្តភាពពីការធ្វើពិពិធកម្មទីផ្សារ និងទទួលបានអត្ថប្រយោជន៍នានាក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ។
ដោយឡែក ថ្នាលឌីជីថលតែមួយ គ្រោងអភិវឌ្ឍន៍ឡើងតាមលំអានរបស់គេហទំព័រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អូស្ត្រាលីផ្ទាល់ ហើយក៏នឹងក្លាយជាកន្លែងផ្ទុកព័ត៌មានពាណិជ្ជកម្មដ៏ទូលំទូលាយសម្រាប់អ្នកនាំចេញ និងអ្នកនាំចូល ក្នុងការស្វែងរក និងទាញអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់របស់កម្ពុជា។
តាមឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយ នឹងជួយកម្ពុជាក្នុងការសម្រេចបានយ៉ាងពេញលេញនូវការសន្យារបស់ខ្លួនក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួនដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អូស្ត្រាលី នូវែលហ្សេឡង់ និងកិច្ចព្រមព្រៀង អាសិប។
ជាមួយគ្នានេះភាគីអូស្រ្តាលី សង្ឃឹមថា មគ្គុទ្ទេសក៍ទាំងនេះ និងថ្នាលឌីជីថលតែមួយដែលនឹងអភិវឌ្ឍន៍ឡើងនាពេលខាងមុខ នឹងធ្វើឱ្យធុរជន និងពាណិជ្ជករទាំងអស់ កាន់តែមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានដែលមានប្រយោជន៍ ដើម្បីបង្កើនការធ្វើពាណិជ្ជកម្ម៕
អត្ថបទ៖ ឈិត បូរ៉ាវី