បាល់ទាត់៖ ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជាត្រៀមសហការ ជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីបំពាក់បច្ចេកវិទ្យា 5G និងឧបករណ៍ឆ្លាតវៃជាច្រើន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។

ការបង្ហើបនូវគម្រោងដ៏ទាក់ទាញនេះ ធ្វើឡើងស្របពេលឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអនុញ្ញាតឲ្យលោក យ៉ាវ អ៊ីយ៉ា អគ្គនាយកក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជាចូលជួប និងធ្វើបទបង្ហាញអំពីផែនការជួយបំពាក់បច្ចេកវិទ្យាព័ត៌មានវិទ្យា 5G ឧបករណ៍ឆ្លាតវៃ កាមេរ៉ាឆ្លាតវៃ នៅពហុកីឡដ្ឋានជាតិមរតកតេជោកាលពីល្ងាចថ្ងៃទី២២ ខែតុលាម្សិលមិញ។ នៅចំពោះមុខអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដដែល លោក យ៉ាវ អ៊ីយ៉ា បានបញ្ជាក់ថា ផែនការបំពាក់បច្ចេកវិទ្យា 5G និងឧបករណ៍ឆ្លាតវៃនេះគឺដើម្បីជំរុញភាពទាន់សម័យ ទំនើប និងលេចធ្លោជាងគេផ្នែកបច្ចេកវិទ្យា ដើម្បីជួយដល់គុណប្រយោជន៍នៃពហុកីឡដ្ឋានជាតិមរតកតេជោផង ក៏ដូចជាជួយដល់ព្រឹត្តិការណ៍ SEA Games និង ASEAN Para Games 2023 ផង។

ឆ្លៀតឱកាសនោះ ឯកឧត្ដមបណ្ឌិត ថោង ខុន បានសម្ដែងការស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមហ៊ុន Huawei ដែលត្រៀមជួយដល់ដំណើរការរៀបចំ ឆ្ពោះទៅរកការប្រកួតកីឡាប្រចាំតំបន់គឺ SEA Games និង ASEAN Para Games 2023 ហើយគម្រោងនេះ ឯកឧត្ដមរដ្ឋមន្ត្រីនឹងរាយការណ៍ជូនសម្ដេចពិជ័យសេនាប្រធាន CAMSOC និងគោរពស្នើការសម្រេចពីសម្ដេចតេជោនាយករដ្ឋមន្ត្រីនាពេលខាងមុខ៕
អត្ថបទ៖ លី ឈុនឡា
