ភ្នំពេញ៖ លោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះថា សម្រាប់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ មានរចនាសម្ព័ន្ធ និងការិយាល័យជំនាញចំនួន៧នេះ សុតតែជាការិយាល័យជំនាញសំខាន់ៗ សម្រាប់ការអនុវត្តន៍ លើកិច្ចការងារវប្បធម៌ និងវិចិត្រសិល្បៈ។
ទន្ទឹមនឹងនោះលោក បានលើកតែកិច្ចការងារ នៃការិយាល័យបេតិកភណ្ឌ ក៏ដូចជាការិយាល័យសារមន្ទីរ ដែលធ្វើការងារប្រហាក់ប្រហែលគ្នា និងមានតួនាទីខុសគ្នាបន្តិចបន្តួច។ ដូច្នេះការិយាល័យបេតិកភណ្ឌ គឺជាការិយាល័យរុករក និងអភិរក្ស ទៅលើសម្បត្តិបេតិកភណ្ឌ ចំណែកការិយាល័យសារមន្ទីរ គឺថែរក្សាទុក ចុះបញ្ជី និងអភិរក្ស។
បច្ចុប្បន្ននេះ ក្នុងដែនដី ក៏ដូចជាក្នុងក្របខណ្ឌរាជធានីភ្នំពេញ យើងមានបុរាណដ្ឋាន សរុបចំនួន១៦០ស្ថានីយ ក្នុងនោះវត្តបុរាណ ចំនួន៧៥, ទីទួលបូរាណ ចំនួន៤, ទីសក្ការៈបូជា ចំនួន២, ប្រាសាទបាត់រូបរាង ចំនួន៣៦, ទួលអ្នកតា ចំនួន៦, ស្រះបុរាណ ចំនួន៣, វាលពិឃាដ ចំនួន២, ទីតាំងរក្សាទុកវត្ថុបូរាណ ចំនួន១, ទីតាំងទួលបុរាណ និងវត្តបុរាណ ចំនួន៨, ទីតាំងប្រាសាទបុរាណ និងវត្តបុរាណ ចំនួន៤, ទីតាំងប្រាសាទបុរាណ ចំនួន៣, ទីតាំងមនុស្សរស់នៅ ចំនួន៣, ទីតាំងបុរាណ ចំនួន១, ប្រាសាទបាក់បែក ចំនួន១, ឡដុតកុលាលភាជន៍ ចំនួន២, រាជវាំង ចំនួន១ និងរមណីយដ្ឋាន ប្រវត្តិសាស្ត្រ ចំនួន១។
ជាចុងក្រោយលោក ជុំ វុឌ្ឍី បានបញ្ជាក់ថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ មានឯកសារគតិយុត្តជាច្រើន ដើម្បីធ្វើការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃ ដែលគង់ក្នុងវត្តយល់ដឹងគ្រប់កន្លែង ក្នុងនោះមន្ទីរវប្បធម៌ បានញែកតាមបណ្តាខណ្ឌទាំង១៤ ដោយផ្តោតលើខណ្ឌនីមួយៗ ដែលមានវត្តបុរាណ គឺក្រុមការងារបានផ្ញើឯកសារ ជូនទៅសាលាខណ្ឌ សាលាសង្កាត់ និងប្រគេនព្រះសង្ឃ ដែលគង់ក្នុងវត្ត ដើម្បីជៀសវាងការមិនដឹង និងការជូនដំណឹង ជាពិសេសថ្មីៗនេះ មន្ទីរវប្បធម៌ ក៏បានចងក្រងឯកសារវត្តបុរាណក្នុងរាជធានីភ្នំពេញ បានចប់សព្វគ្រប់ហើយ (ក្នុងវត្តបុរាណ ផ្តោតលើវិហារ កុដិ សាលាឆាន់ ចេតិយ គំនូរបុរាណជាដើម) ។
ជាពិសេសផ្តោតលើសារាចរណែនាំលេខ០៨ របស់រាជរដ្ឋាភិបាលកម្ពុជា រាល់ការជួសជុល និងកែសម្រួលសំណង់អគារបេតិកភណ្ឌ ត្រូវជូនដំណឹងមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមុន៕អត្ថបទ៖ រដ្ឋា