អាមេរិក៖ អ្នកគ្រូបង្រៀនម្នាក់ឈ្មោះ Abby Zwerner ត្រូវបានបាញ់ បន្ទាប់ពីមានជម្លោះជាមួយសិស្សអាយុ ៦ឆ្នាំម្នាក់។ នគរបាលនិយាយថា ក្មេងអាយុ ៦ឆ្នាំម្នាក់បានប្រើប្រាស់កាំភ្លើងដែលទិញដោយស្របច្បាប់របស់ម្តាយគាត់ ដើម្បីបាញ់គ្រូបង្រៀនរបស់ខ្លួននៅសាលារៀនមួយនៅរដ្ឋ Virginia សហរដ្ឋអាមេរិក។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ នគរបាលរដ្ឋ Virginia បាននិយាយថា កុមាររូបនេះបាននាំយកកាំភ្លើងខ្លីទៅសាលារៀនដាក់នៅក្នុងកាបូបស្ពាយរបស់គាត់។ ក្មេងប្រុសនេះមានចេតនាបាញ់អ្នកគ្រូបង្រៀនរបស់ខ្លួនឈ្មោះ Abby Zwerner ក្នុងថ្នាក់កាលពីថ្ងៃសុក្រ។ នគរបាលនិយាយថា នាងបានចាត់ចែងនាំសិស្សរបស់នាងទៅកាន់ទីសុវត្ថិភាព មុនពេលហៅរកជំនួយសម្រាប់ខ្លួននាង។ អ្នកគ្រូ Zwerner អាយុ ២៥ឆ្នាំកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្ថានភាពមានស្ថេរភាព។ អធិការនគរបាលលោក Steve Drew បាននិយាយថា អ្នកគ្រូ Zwerner បានសួរលោកម្តងហើយម្តងទៀតអំពីសុខុមាលភាពសិស្សរបស់នាង ដែលនៅក្នុងថ្នាក់រៀននៅពេលមានការបាញ់ប្រហារ។
នគរបាលបានទទួលការហៅទូរស័ព្ទពីគ្រូបង្រៀនម្នាក់ ដែលត្រូវបានបាញ់ឲ្យរងរបួសធ្ងន់កាលពីថ្ងៃសុក្រនៅសាលាបឋមសិក្សា Richneck។ ពេលចូលទៅក្នុងថ្នាក់រៀន គេបានប្រទះឃើញសិស្សអាយុ ៦ឆ្នាំម្នាក់ត្រូវបុគ្គលិកសាលាឃាត់ទុក។ នគរបាលនិយាយថា ការបាញ់ប្រហារនេះមិនមែនជាការចៃដន្យនោះទេគឺជាចេតនា ហើយវាបានកើតឡើងខណៈពេលដែលអ្នកគ្រូ Zwerner កំពុងបង្រៀន។ នគរបាលបានរកឃើញកាំភ្លើងខ្លីមួយដើមនៅក្នុងថ្នាក់រៀននៅជិតតុសិស្ស រួមជាមួយកាបូបស្ពាយរបស់គាត់ និងទូរស័ព្ទដៃមួយគ្រឿង។ អធិការនគរបាលនិយាយថា នគរបាលបានកំណត់តាមរយៈការសាកសួរម្តាយរបស់ក្មេងប្រុសថា កាំភ្លើងនេះត្រូវបានទិញដោយស្របច្បាប់ និងរក្សាទុកនៅក្នុងផ្ទះរបស់គាត់។ ក្រុមមន្ត្រីបាននិយាយថា ខណៈដែលសាលារៀនមានសិស្សប្រហែល ៥៥០នាក់មានឧបករណ៍ស្វែងរកដែកដែលសិស្សត្រូវបានត្រួតពិនិត្យ ប៉ុន្តែពុំមែនគ្រប់កុមារទាំងអស់ត្រូវបានត្រួតពិនិត្យនោះទេ៕
អត្ថបទ៖ ប៊ុនថន