ភ្នំពេញ៖ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងឆ្នាំ ២០២២ មានទឹកប្រាក់សរុបជាង ៥២ពាន់លានដុល្លារ កើនជាង ៩ភាគរយបើធៀបនឹងឆ្នាំ ២០២១ ខណៈការនាំចេញទំនិញរបស់កម្ពុជាស្ទុះហក់ឡើងជាង១៦ភាគរយ។
យោងតាមទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការផ្លាស់ប្ដូរពាណិជ្ជកម្មកម្ពុជាជាមួយនឹងទីផ្សារអន្តរជាតិ ក្នុងឆ្នាំ ២០២២ មានទឹកប្រាក់សរុប ៥២ពាន់លានដុល្លារ កើនឡើង ៩ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានទឹកប្រាក់ ៤៨ពាន់លានដុល្លារ។
ទិន្នន័យខាងលើឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២២ កម្ពុជាបាននាំទំនិញទៅទីផ្សារអន្តរជាតិ ក្នុងចំនួនទឹកប្រាក់សរុប ២២,៤ ពាន់លានដុល្លារ កើនឡើង ១៦,៤ភាគរយពីចំនួន ១៩,៣ ពាន់លានដុល្លារ និងការនាំចូលមានទឹកប្រាក់ ២៩,៩ពាន់លានដុល្លារ មានកំណើន៤,៣ ភាគរយពីចំនួន ២៨,៧ពាន់លានដុល្លារ។
បើយោងតាមទិន្នន័យខាងលើ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុង ឆ្នាំ២០២២ គឺមានឱនភាពប្រមាណ ៧,៤ពាន់លានដុល្លារ។
ទំនិញដែលកម្ពុជានាំចេញទាំងនោះ រួមមាន សំលៀកបំពាក់, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ផលិតផលស្បែកជើង សម្ភារធ្វើពីស្បែកសត្វ យានក្រៅពីអយស្ម័យយាន, គ្រាប់ធញ្ញជាតិ គ្រឿងសង្ហារឹម កៅស៊ូ, រួមនឹងផលិតផលផ្សេងទៀត ដូចជាផ្លែឈើ បន្លែ គុជខ្យង ប្រដាប់ក្មេងលេង វត្ថុវាយនភណ្ឌកែច្នៃផ្សេងជាដើម។
អ្នកជំនាញសេដ្ឋកិច្ច លើកឡើងថា ការកើនឡើងនូវការចេញទំនិញគ្រប់ប្រភេទរបស់កម្ពុជានេះ ដោយសារកម្ពុជា បានអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (RCEP) ដែលតាមរយៈទីផ្សារទាំង១៥ ប្រទេសជាសមាជិករបស់ RCEP បានស្រូបយកទំនិញយ៉ាងច្រើនពីកម្ពុជាក្រោមអត្រាពន្ធទាប។
ជាមួយគ្នាតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ដែលបានចូលជាធរមាន ក៏ត្រូវបានអ្នកនាំចេញប្រើប្រាស់អត្ថប្រយោជន៍កិច្ចព្រមព្រៀងនេះ គួរឱ្យកត់សម្គាល់ផងដែរ៕ អត្ថបទ៖ វណ្ណៈ


