បាល់ទាត់៖ អតីតអ្នកចាត់ការក្រុមជម្រើសជាតិប៊ែលហ្ស៊ិក និង Everton លោក Roberto Martinez ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្កាល់ជាផ្លូវការហើយ។ បុរសសញ្ជាតិអេស្ប៉ាញវ័យ ៤៩ឆ្នាំរូបនេះបានចូលមកជំនួសតំណែងលោក Fernando Santos ដែលបានចាកចេញពីតំណែង ក្រោយព័រទុយហ្កាល់ចាញ់ម៉ារ៉ុកនៅវគ្គ ៨ក្រុមចុងក្រោយ World Cup។

លោក Roberto Martinez ក៏ទើបតែចាកចេញពីតំណែងដឹកនាំក្រុមជម្រើសជាតិប៊ែលហ្ស៊ិក ដែលលោកបានចំណាយពេលអស់ ៦ឆ្នាំផងដែរ បន្ទាប់ពីប៊ែលហ្ស៊ិកធ្លាក់ត្រឹមវគ្គវិលជុំក្នុងពូលនៅ World Cup។ រំលឹកថា លោក Martinez ត្រូវបានតែងតាំងឱ្យដឹកនាំក្រុមប៊ែលហ្ស៊ិកកាលពីឆ្នាំ២០១៦។ ក្រោមការដឹកនាំរបស់បុរសវ័យ ៤៩ឆ្នាំរូបនេះប៊ែលហ្ស៊ិកបានឈរលេខ ១ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោករបស់ FIFA តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។
អតីតអ្នកចាត់ការ Wigan និង Swansea រូបនេះត្រូវបានតែងតាំងឱ្យដឹកនាំប៊ែលហ្ស៊ិកត្រឹម ៣ខែប៉ុណ្ណោះបន្ទាប់ពីត្រូវបានបណ្តេញចេញដោយ Everton កាលពីឆ្នាំ២០១៦ នោះ។ លោក Martinez បានមកបន្តតំណែងលោក Marc Wilmot ដែលបានដឹកនាំប៊ែលហ្ស៊ិកឡើងឈរលេខ ១ ពិភពលោកជាលើកដំបូងពីខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ខែមេសា ឆ្នាំ២០១៦៕
អត្ថបទ៖នាង សុភាវុធ