ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិការហូតដល់ជាង ១៣លានដុល្លារ ក្នុងការបើកសាច់ប្រាក់លើកទី ១ ជួយដល់ប្រជាពលរដ្ឋរងគ្រោះពីបញ្ហាទឹកជំនន់ និងពលរដ្ឋដែលរងគ្រោះពីបញ្ហាសម្ពាធអតិផរណា ដែលមានចំនួនជិត៣៦ម៉ឺនគ្រួសារ។
ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានគូសបញ្ជាក់ថា ការបើកសាច់ប្រាក់ជូនគ្រួសាររងគ្រោះពីបញ្ហាទឹកជំនន់ គឺអនុវត្តលើរាជធានី-ខេត្តចំនួន ១៦ ក្នុងនោះមានពលរដ្ឋទទួលផលចំនួនជាង ៩៩ ០០០គ្រួសារ ដោយចំណាយថវិកាជិត ៣លាន ៩សែនដុល្លារ។
រីឯកម្មវិធីជួយជនរងគ្រើពីសម្ពាធអតិផរណា គឺអនុវត្តពេញផ្ទៃប្រទេស ដោយមានគ្រួសារទទួលផលប្រមាណ ២៦ម៉ឺនគ្រួសារ និងចំណាយថវិកាប្រមាណ ៩លានដុល្លារ។
ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងបន្ថែមថា ចំនួនគ្រួសារទទួលបានការឧបត្ថម្ភនេះ សម្រាប់ការបើកសាច់ប្រាក់លើកទី ២ គឺនឹងមានការផ្លាស់ប្ដូរ សំដៅលើប្រជាពលរដ្ឋក្បែរភាពក្រីក្រ ដែលរងសម្ពាធពីអតិផរណា។
កម្មវិធីជំនួយសង្គមថ្មីទាំងពីរនេះ ជាកម្មវិធីមិនអចិន្រ្តៃយ៍ ដោយនឹងមានការបិទបញ្ចប់ក្នុងពេលវេលាណាមួយ។ ជាក់ស្ដែងសម្រាប់កម្មវិធីជួយជនរងគ្រោះពីបញ្ហាទឹកជំនន់ គឺបើកសាច់ប្រាក់ចំនួន ៣លើក ក្នុងរយៈពេល ៣ខែជាប់គ្នា។ ការបើកសាច់ប្រាក់លើកទី ១ គឺនៅសប្ដាហ៍ទី ២ ខែធ្នូ ឆ្នាំ ២០២២ លើកបន្ទាប់ គឺនៅសប្ដាហ៍ទី ២ ខែមករា និងលើកទី ៣ នៅសប្ដាហ៍ទី ២ ខែកុម្ភៈ ឆ្នាំ២០២៣។
រីឯការបើកសាច់ប្រាក់ជូនគ្រួសារក្បែរភាពក្រីក្រ ដែលរងសម្ពាធពីអតិផរណាវិញ ក្នុងការអនុម័តដំបូង គឺបើកជូនចំនួន ៣លើកដូចគ្នា។ លើកទី ១ គឺបើកថវិកានៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២២ លើកទី ២នៅថ្ងៃទី ១០ ខែមេសា និងលើកទី ៣ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣៕ អត្ថបទ៖ គឹមហុក