ភ្នំពេញ ៖ លោកវរៈសេនីយឯក នូ វុត្ថា ប្រធានក្រុមចាក់វ៉ាក់សាំងកូវីដ-១៩ របស់ទីចាត់ការសុខាភិបាល អគ្គបញ្ជាការដ្ឋាន អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ប្រចាំខណ្ឌច្បារអំពៅ បានប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២២ មេសានេះថា ក្រសួងការពារជាតិ បានពង្រីកទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទ ស៊ីណូហ្វាម ដូសលើកទី២ ចំនួន០៣បន្ថែមទៀត ជូនគ្រួសារកងទ័ព។
លោកវរៈសេនីយឯក នូ វុត្ថា បានបន្តថា ការចាក់វ៉ាក់សាំងកូវីដ១៩ ដូសលើកទី២ ជូនគ្រួសារកងទ័ព គឺធ្វើឡើងនៅជុំវិញអគ្គបញ្ជាការដ្ឋាន ដោយផ្អែកទៅតាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការអនុវត្តន៍នូវ៣ការពារ ៣កុំ រៀបចំបង្កើនការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលមានរៀបចំការចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន០៣ទីតាំងបន្ថែមទៀត ដូចជាៈ ទីតាំងទី១ ស្ថិតនៅហ្រ្គែនភ្នំពេញ ចាប់ដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ចាប់ពីថ្ងៃទី២១ មេសា ២០២១, ទីតាំងទី២ ស្ថិតនៅមនី្ទរពេទ្យ ជោរៃភ្នំពេញ និងទីតាំងទី៣ ស្ថិតនៅជិតទីបញ្ជាការដ្ឋានអង្គរក្ស ចាប់ដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ចាប់ពីថ្ងៃទី២២ មេសា ២០២១។
ដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងការការពារជំងឺកូវីដ១៩ លោកវៈសេនីយឯក នូ វុត្ថា បានអំពាវនាវដល់គ្រួសារកងទ័ពទាំងអស់ សូមអញ្ជើញមកចាក់វ៉ាក់សាំងកូវីដ១៩ ដូសលើកទី២ឲ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនោះក្រុមចាក់វ៉ាក់សាំងកូវីដ-១៩ របស់ទីចាត់ការសុខាភិបាល អគ្គបញ្ជាការដ្ឋាន អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ប្រចាំខណ្ឌច្បារអំពៅ នឹងបន្តដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ជូនរហូត ដើម្បីឲ្យគ្រួសារកងទ័ព បានចូលរួមទប់ស្កាត់ជំងឺកូវីដ១៩នេះផងដែរ៕ អត្ថបទ ៖ រដ្ឋា







