
ភ្នំពេញ៖ អាល្លឺម៉ង់ បានកោតសរសើរកម្ពុជាចំពោះ «សមិទ្ធផលការងារដ៏អស្ចារ្យ» ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធប្រកបដោយជោគជ័យត្រចះត្រចង់។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ពិភាក្សាកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ជាមួយឯកអគ្គ រដ្ឋទូតអាល្លឺម៉ង់ ចេញនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។
ប្រភពដដែលឱ្យដឹងទៀតថា ក្នុងជំនួបនេះ ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា បានកត់សម្គាល់ដោយពេញចិត្តចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងកម្ពុជា និងអាល្លឺម៉ង់ ដូចដែលបានឆ្លុះប ញ្ចាំងឱ្យឃើញតាមរយៈសកម្មភាពពាណិជ្ជកម្មដ៏រឹងមាំ និងការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាញឹកញាប់ ព្រមទាំងបានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងអន្តរជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការវិវត្តដ៏គួរឱ្យកត់សម្គាល់នៅក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-អាល្លឺម៉ង់ ជាពិសេសនៅក្នុងឆ្នាំ២០២២ ដែលត្រូវបានធ្វើការកត់សម្គាល់តាមរយៈការបញ្ចប់ការពិនិត្យដោយក្រសួងការបរទេសនៃប្រទេសទាំងពីរ លើសេចក្តីថ្លែងការណ៍រួមស្តីពីគោលបំណងក្នុងការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី និងការរៀបចំកិច្ចប្រជុំកិច្ចពិគ្រោះយោបល់ទ្វេ ភាគីលើកទី១ នៅរាជធានីភ្នំពេញ កាលពីខែមករា នៅក្នុងឆ្នាំនោះ ហើយដែលបានបើកផ្លូវឱ្យមានដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៅកាន់អាល្លឺម៉ង់ នៅក្នុងខែកុម្ភៈ ដែលជាដំណើរទស្សនកិច្ចលើកទី១ របស់រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅក្នុងរយៈពេល ២៧ឆ្នាំមកនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានរំលឹកអំពីកិច្ចពិភាក្សាដ៏ល្អរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម Olaf Scholz អធិការបតីសហព័ន្ធអាល្លឺម៉ង់ នៅក្នុងជំនួបទ្វេភាគីដែលបានប្រព្រឹត្តទៅនៅទីក្រុ ងព្រុចសែល កាលពីខែធ្នូ ឆ្នាំមុន ក៏ដូចជាជំនួបពិភាក្សារវាងឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងលោកជំទា វ Annalena Baerbock រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងអំឡុងពេលនៃទស្ស នកិច្ចផ្លូវការរបស់ឯកឧត្ដមនៅអាល្លឺម៉ង់ ផងដែរ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានផ្តល់ជំនួយជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាលើវិស័យជាច្រើនរួមមាន វិស័យអប់រំ វប្បធម៌ ការកាត់បន្ថយភាពក្រីក្រ ថាមពល ការបោសសម្អាតមីន អភិ បាលកិច្ចល្អ និងសុខាភិបាល ជាដើម។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ដោយក្តីរីករាយចំពោះការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីដ៏ល្អរវាងប្រទេសទាំងពីរ ដោយគូសបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ឈរនៅលេខរៀងទី១ ក្នុងចំណោមបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប និងបានបង្ហាញក្តីសង្ឃឹមចំពោះការវិនិយោគបន្ថែមទៀតពីប្រទេសអាល្លឺម៉ង់ ផងដែរ។
ឯកឧត្តម ប្រាក់ សុខុន ក៏បានជម្រាបឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ អំពីការវិវត្តនៅក្នុងដំណើរការប្រ ជាធិបតេយ្យរបស់កម្ពុជា ជាពិសេសការត្រៀមរៀបចំរបស់កម្ពុជា និងរបស់គណបក្សនយោបាយផ្សេងៗ សម្រាប់ការបោះឆ្នោតសកលនាពេលខាងមុខ ដែលនឹងប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងមានតម្លាភាព ដោយសង្កត់ធ្ងន់លើអាទិភាពចំបងបំផុត គឺសន្តិភាព ដែលកម្ពុជាត្រូវតែការពារ និងថែរក្សា។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរយោបល់លើការវិវត្តនៃស្ថានការ ណ៍ក្នុងតំបន់ និងអន្តរជាតិមួយចំនួនផងដែរ ដោយក្នុងនោះឯកឧត្តម ប្រាក់ សុខុន បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីភាពស្មុគស្មាញនៃវិបត្តិមីយ៉ាន់ម៉ា និងការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជួ យមីយ៉ាន់ម៉ា ឱ្យវិលមករកភាពប្រក្រតីឡើងវិញ៕ ដោយ៖ គង់ ឌិន


