
ភ្នំពេញ: ក្នុងបេសកកម្មរយៈពេល ២ថ្ងៃនៅលើទឹកដីនៃខេត្តស្ទឹងត្រែង ក្រុមការងារកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែ កជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលរងផលប៉ះពាល់ពីទឹកជំនន់កន្លងមក សរុប ៨១គ្រួសារ រស់នៅក្នុងឃុំចំនួន២ នៃស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ ក្នុងនោះក្រុមការងារបានបែងចែកចំនួន២ទីតាំងផ្សេងគ្នារួមមាន ទីតាំងទី១ នៅឃុំអូររៃ សម្រាប់ប្រជាពលរដ្ឋ ៥១គ្រួសារ និងទី២ នៅឃុំថាឡាបរិវ៉ាត់ សម្រាប់ប្រជាពលរដ្ឋ ៣០គ្រួសារ។
អំឡុងពេលចុះចែកអំណោយនោះ ឯកឧត្តមវេជ្ជបណ្ឌិត បាននាំនូវព្រះរាជបណ្តាំពីហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ដែលផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាព លរដ្ឋ ដោយក្តីនឹករលឹកយ៉ាងជ្រាលជ្រៅជាទីបំផុត។ ឯកឧត្តមក៏បាននាំនូវសារអំពាវនាវពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមទាំងអស់ សូមថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើការប្រែប្រួលអាកាសធាតុពីក្តៅទៅត្រជាក់ រួមជាមួយទឹកភ្លៀង ដែលអាចបណ្តាលឱ្យកើតមានជំងឺផ្សេងៗ និងសូមបន្តយកចិត្តទុកដាក់ទប់ស្កាត់ជំងឺកូវីដ-១៩ បម្លែងថ្មី ថ្វីបើមិនទាន់មានករណីឆ្លងនៅកម្ពុជាក៏ដោយ ហើយដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ មានតែការរក្សាអនាម័យឱ្យបានល្អ និងអញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា។ មួយវិញទៀតត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយផ្សេងៗ គ្រោះរាំងស្ងួត គ្រោះអគ្គិភ័យដែលអាចបណ្តាលឱ្យមានការឆាបឆេះទ្រព្យសម្បត្តិ និងអាយុជីវិតជាយថាហេតុ។
អំណោយមនុស្សធម៌ដែលប្រគល់ជូនក្រុមគ្រួសារនីមួយៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង , ទឹកត្រី១យួរ, សាប៊ូ១ដប និងឃីត (សរុង មុង ភួយ ក្រមា ) ១កញ្ចប់។ ដោយឡែកជនចាស់ជរាឥតទីពឹងក៏ទទួលបានថវិកាមួយចំនួនបន្ថែមទៀតដែរ។
បន្ទាប់ពីការចែកនៅទីតាំងនីមួយៗរួចមក ក្រុមការងារបានបន្តចុះសាកសួរសុខទុក្ខ និងនាំយកអំណោ យទាំងនោះជូនប្រជាពលរដ្ឋចំនួនបីគ្រួសារទៀតនៅតាមខ្នងផ្ទះ ដែលមិនអាចធ្វើដំណើរមកបាន ព្រមទាំងបាននាំយកនូវទេយ្យវត្ថុរួមមានអង្ករ១០០គីឡូក្រាម មី៥កេស ត្រីខ ៥យួរ ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ៥យួរ ទឹកបរិសុទ្ធ ៥កេស និងថវិកាចំនួន ៦០ម៉ឺនរៀល ក្នុងនោះក៏មានថវិកាពីសប្បុរសជនក្នុងខេត្តស្ទឹងត្រែង សម្រាប់ប្រគេនព្រះសង្ឃដែលគង់នៅវត្តអូររៃផងដែរ៕ ដោយ៖ សំ ងីម






