UN៖ ប្រេសិតពិសេសទទួលបន្ទុកបញ្ហាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃពុធថា ការចាត់វិធានការបង្ក្រាបយ៉ាងចាស់ដៃ ពីរបបសឹកយោធាសហភាពមីយ៉ាន់ម៉ា មកលើក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារ បណ្ដាលឲ្យមនុស្សជិត ២៥ម៉ឺននាក់ជម្លៀសខ្លួនចេញ។

រដ្ឋាភិបាលយោធាបានបង្កើនកម្លាំងសម្លាប់ ដើម្បីបំបែកបាតុករទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ ដែលបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី។ យោងតាមការអះអាង របស់ក្រុមឃ្លាំមើលសិទ្ធិមនុស្សក្នុងស្រុកបានឲ្យដឹងថា មនុស្សយ៉ាងហោច ៧៣៨នាក់បាត់បង់ជីវិត និងមនុស្ស ៣.៣០០នាក់ផ្សេងទៀតបានជាប់ពន្ធនាគារ ជាអ្នកទោសនយោបាយ។ លោក ថម អ៊ែនឌ្រូ អ្នករាយការណ៍ពិសេស UN ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅសហភាពមីយ៉ាន់ម៉ា បានសរសេរនៅលើ Twitter កាលពីថ្ងៃពុធថា វាគឺជារឿងដ៏គួររន្ធត់ខ្លាំងណាស់ពេលទទួលបានដំណឹងបែបនេះ ការវាយប្រហាររបស់របបសឹកយោធា បានធ្វើឲ្យប្រជាពលរដ្ឋមីយ៉ាន់ម៉ាជិត ២៥ម៉ឺននាក់ជម្លៀសខ្លួនចេញ។ លោកបន្តថា ពិភពលោកត្រូវតែមានវិធានការបន្ទាន់ ដើម្បីលើកឡើងពីគ្រោះថ្នាក់មនុស្សជាតិមួយនេះ។
លោក ប៉ាដូ ម៉ាន់ម៉ាន់ អ្នកនាំពាក្យកងពលលេខ៥ នៃសហភាពជាតិការ៉ែន ដែលជាក្រុមឧទ្ទាមនៅតំបន់ព្រំដែនភាគខាកើតមីយ៉ាន់ម៉ាបាននិយាយថា ជនជាតិដើមភាគតិចការ៉ែនជាង ២ពាន់នាក់ បច្ចុប្បន្នបានឆ្លងកាត់ព្រំដែនមីយ៉ាន់ម៉ាចូលទៅកាន់ទឹកដីថៃ និងរាប់ពាន់នាក់ផ្សេងទៀតបានជម្លៀសក្នុងប្រទេស៕
អត្ថបទ៖ សារ៉ាត់