ស៊ីហ្គេម៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ត្រៀមដាក់ចេញនូវបទបញ្ជាការងារដ៏ម៉ឺងម៉ាត់មួយក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល និងវឌ្ឍនភាពការងារឆ្នាំ២០២២ នាពេលខាងមុខ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារបន្ថែមក្នុងដំណាក់ការ Games Time ឬពេលវេលាប្រតិបត្តិការស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិ CAMSOC កាលពីថ្ងៃទី១០ ខែមករាម្សិលមិញនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា កិច្ចប្រជុំនេះផ្ដោតលើការកិច្ចពិភាក្សាពីរបាយការណ៍ការងារ សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំបូកសរុបសមិទ្ធផលប្រចាំឆ្នាំ ដែលគ្រោងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC នាថ្ងៃទី២០ ខែមករាខាងមុខ ហើយសម្ដេចក៏នឹងប្រកាសនូវបទបញ្ជាការងារដ៏ម៉ឺងម៉ាត់មួយនាពេលនោះផងដែរ។
សូមបញ្ជាក់ថា ឆ្នាំ២០២៣ ត្រូវបានចាត់ទុកជាពេលវេលា Games Time ឬជាពេលត្រូវប្រតិបត្តិហ្គេម ស្របពេលកម្ពុជានៅសល់ ១១៤ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ការត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនេះ ពោលគឺស៊ីហ្គេមលើកទី៣២ នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងចាប់ផ្ដើមពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា