ទីលានបញ្ចុះសពអតីតយុទ្ធជន នៅខេត្តកោះកុងបានសាងសង់រួចជាស្ថាពរ ហើយគ្រោងនឹងសម្ពោធ និងធ្វើបុណ្យឆ្លងតាមបែបសាសនា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមចំនួន ៤៤៧នាក់នោះ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៣នេះ នៅទីស្តីការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ យន្ត មីន បានឲ្យដឹងថា ការសាងសង់ នូវទីលានផ្នូរអតីតយុទ្ធជននាពេលនេះ គឺជាកិច្ចតបស្នងសងគុណយុទ្ធមិត្ត ជានាយទាហាន ពលទាហាន ដែលបានលះបង់ អាយុជីវិតក្នុងសម័យសង្គ្រាម ដើម្បីបូរណភាពទឹកដី ការពារប្រទេសជាតិ មាតុភូមិ និងការពារអាយុជីវិតប្រជាពលរដ្ឋ ដើម្បីឈានរកសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋជាដើមនោះ។
ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ យន្ត មីន ក៏បានអំពាវនាវដល់បងប្អូនណា ដែលបាន បាត់សាច់ញាតិ នាគ្រានោះអញ្ជើញទៅរក និងទៅធ្វើបុណ្យឧទ្ទិសកុសលជូនពួកគាត់ ខណៈសពដែលបាន បញ្ចុះនៅក្នុងទីលាននោះ គឺបានបញ្ជាក់ឈ្មោះ និងភូមិឃុំ ដែលពួកគាត់បានរស់នៅផងដែរ។
បើតាមនាយឧត្តមសេនីយ៍ យន្ត មីន បានឲ្យដឹងផងដែរថា ទីលានផ្នូរសពអតីតយុទ្ធ នៅខេត្តកោះកុងនេះ គឺបានសាងសង់ឡើងតាមរចនាបទខ្មែរសុទ្ធសាធ បន្ថែមពីនេះក្រុមការងារជំនាញបានកែលម្អបន្ថែមទៀត នូវរចនាបទអង្គរ ហើយប្រវត្តិទីតាំងនេះបានដាក់សាកសពយុទ្ធពល ដែលពលីជីវិត ដើម្បីបូរណភាពទឹកដីនេះ តាំងពីខែកក្កដា ឆ្នាំ១៩៧៩មកម្ល៉េះ៕ អត្ថបទ៖ បាន ចក់







