បាល់ទាត់៖ ក្រុមការពារតំណែងជើងឯកថៃបានឈានឡើងវគ្គផ្តាច់ព្រ័ត្រ ការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup ជាលើកទី១០ ក្នុងប្រវត្តិសាស្ត្រក្រោយយកឈ្នះម៉ាឡេស៊ី ៣-០ ជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

បន្ទាប់ពីការប្រកួតជើងទី១ ដែលម៉ាឡេស៊ីយកឈ្នះ ១-០ នៅកីឡដ្ឋាន Bukit Jalil សប្តាហ៍មុន ត្រលប់មកកីឡដ្ឋាន Thamasat ទីក្រុងបាងកកប្រទេសថៃវិញ ម្ចាស់ផ្ទះថៃមិនរង់ចាំយូរទេដោយរកបានគ្រាប់នាំមុខនៅនាទីទី១៩ ដោយខ្សែប្រយុទ្ធ Teerasil Dangda ដែលជាគ្រាប់ទី៦ របស់គេក្នុងព្រឹត្តិការណ៍ឆ្នាំនេះ។ វគ្គទី២ ថៃនៅតែបន្តសម្រុក និងរកបានពីរគ្រាប់ទៀតដោយ Bordin Phala និង Adisak Kraisorn គ្រប់គ្រាន់ល្មមឱ្យក្រុមរបស់លោក Alexandre Polking ឡើងវគ្គផ្តាច់ព្រ័ត្របាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍នេះជាលើកទី១០ ក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍ដែលបានចូលរួម ១៤លើកជួបជាមួយវៀតណាមនៅវគ្គផ្តាច់ព្រ័ត្រ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី១ នឹងធ្វើឡើងនៅទឹកដីវៀតណាមថ្ងៃសុក្រ ទី១៣ ខែមករានេះ ខណៈជើងទី២ ត្រលប់ទៅទឹកដីថៃវិញថ្ងៃចន្ទ ទី១៦ ខែមករាដដែល។ ការប្រកួតទាំងពីរជើងនេះនឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ BTV នៅវេលាម៉ោង ៧ និង ៣០នាទីយប់ទាំងពីរជើង៕
អត្ថបទ៖នាង សុភាវុធ