បាល់ទាត់៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានប្រកាសនឹងរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ ស្វាយរៀង ខាប់ យុវជនអាយុក្រោម ១៥ឆ្នាំលើកទី១ ឆ្នាំ២០២៣ នាដើមខែកុម្ភៈខាងមុខនៅទីលានបាល់ទាត់ខេត្តស្វាយរៀង។
យោងតាមសេចក្ដីជូនដំណឹងនៃគណៈកម្មការរៀបចំការប្រកួតនេះបានឲ្យដឹងថា ការលក់ពាក្យចូលរួមគឺចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះតទៅ ខណៈការចុះឈ្មោះនឹងចាប់ផ្ដើមទទួលពាក្យពីថ្ងៃទី១៦ ខែមករាដល់ថ្ងៃទី២៧ ខែមករា មុនការប្រកួតចាប់ផ្ដើមផ្លូវការនាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។ សម្រាប់លក្ខខណ្ឌកីឡាករចូលរួមប្រកួត កីឡាករត្រូវមានអាយុចន្លោះពី ១៣ ទៅ ១៥ឆ្នាំជាជនជាតិខ្មែរ ហើយត្រូវមានទីលំនៅបច្ចុប្បន្ន ឬទីកន្លែងកំណើតក្នុងខេត្តស្វាយរៀង។ អ្វីដែលពិសេសគឺក្នុងមួយក្រុម អនុញ្ញាតឲ្យមានកីឡាករក្រៅពីខេត្តស្វាយរៀងតែ ៣រូបប៉ុណ្ណោះ។
ដោយហេតុនេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានអំពាវនាវដល់ក្រុមបាល់ទាត់ទាំងអស់រួសរាន់ដាក់ពាក្យ និងត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍បាល់ទាត់យុវជនលើកដំបូង នៅខេត្តស្វាយរៀងនេះឲ្យទទួលបានជោគជ័យ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ជាតិនាថ្ងៃអនាគត៕
អត្ថបទ៖ លី ឈុនឡា
