ចិន៖ សារព័ត៌មាន AP បានរាយការណ៍ថា ប្រទេសចិនកាលពីថ្ងៃអង្គារ ទី១០ មករា បានផ្អាកទិដ្ឋាការលើជនជាតិកូរ៉េខាងត្បូង និងជប៉ុនក្នុងការចូលមកប្រទេសរបស់ខ្លួនសម្រាប់ដំណើរទេសចរណ៍ ឬធ្វើពាណិជ្ជកម្ម ជាការសងសឹកទៅនឹងការតម្រូវឲ្យធ្វើតេស្តរកវីរុស COVID-19 របស់ប្រទេសទាំង២ លើអ្នកដំណើរជនជាតិចិន។
ដោយពុំបានផ្ដល់ព័ត៌មានលម្អិត ទោះយ៉ាងណាក៏ដោយប្រទេសចិនបានគំរាមសងសឹកលើបណ្ដាប្រទេស ដែលតម្រូវឲ្យអ្នកដំណើរចេញពីប្រទេសចិនត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមានរយៈពេល ៤៨ម៉ោងមុនចេញដំណើរ។ វិធានការនេះពុំបានបញ្ឈប់ប្រទេសជាង ១០ ដែលអនុវត្តិតាមសហរដ្ឋអាមេរិកបានឡើយ ដែលតម្រូវឲ្យគ្រប់អ្នកដំណើរជនជាតិចិនទាំងអស់ធ្វើតេស្ត ក្រោយប្រទេសចិនដកវិធានការរឹតត្បិតដ៏តឹងរ៉ឹងទាក់ទងនឹងការទប់ស្កាត់វីរុស COVID-19 ជាលើកដំបូងចាប់តាំងពីជំងឺរាតត្បាតសកលនេះបានផ្ទុះឡើង។ ការបញ្ចប់ការរឹតបន្តឹងនេះបានក្លាយជាដើមចមនាំឲ្យមានករណីឆ្លងថ្មីហក់ឡើងខ្ពស់។
អង្គការសុខភាពពិភពលោក និងបណ្ដាប្រទេសមួយចំនួនបានចោទប្រកាន់ប្រទេសចិនថា បានលាក់បាំងទិន្នន័យការផ្ទុះរាលដាលវីរុសក្នុងប្រទេសរបស់ខ្លួន។ ការតម្រូវឲ្យធ្វើតេស្តនេះក្នុងគោលបំណងស្វែងរកវីរុសបំប្លែងខ្លួនថ្មីៗ ចម្លងដោយអ្នកដំណើរ។ ដោយឡែកកាលពីថ្ងៃអង្គារ ប្រធានអង្គការសុខភាពពិភពលោកប្រចាំទ្វីបអឺរ៉ុបបាននិយាយថា ការឆ្លងខ្លាំងនៅប្រទេសចិនទំនងជាពុំប៉ះពាល់ខ្លាំងលើអឺរ៉ុបទេ ទោះបីជាលោកបានព្រមានកុំឲ្យប្រទេសនានាភ្លេចខ្លួនក៏ដោយ៕
អត្ថបទ៖ សុខមាន